កាលពីថ្ងៃទី១៥ខែកុម្ភៈ អតីតមន្ត្រីការបរទេសដែលមានបទពិសោធន៍ Allan Wagner បានស្បថចូលកាន់តំណែង ជារដ្ឋមន្ត្រីការបរទេសប៉េរូជំនួសលោកស្រី Elizabeth Astete ។
ដូច្នេះលោក Wagner បានក្លាយជារដ្ឋមន្ត្រីការបរទេសទី៦ របស់ប្រទេសប៉េរូ ក្នុងរយៈពេល១ឆ្នាំកន្លងមក ។ លោក Wagnerមានបទពិសោធន៍ខ្ពស់ នៅក្នុងក្រសួងការបរទេស ដោយលោកធ្លាប់បានកាន់តំណែងរដ្ឋមន្ត្រីការបរទេសពីរលើករួចមកហើយ ក្រោមរដ្ឋការរបស់ អតីតប្រធានាធិបតីAlan Garcia និងAlejandro Toledo ។ ក្រៅពីនេះលោកក៏ធ្លាប់បានកាន់តំណែងជាឯកអគ្គរដ្ឋទូតប៉េរូ ៣អាណត្តិ នៅអាមេរិក អេស្ប៉ាញ និងហុល្លង់។
លោក Allan Wagner បានយល់ព្រម វិលត្រឡប់មកកាន់តំណែងរដ្ឋមន្ត្រីការបរទេសជាថ្មីម្តងទៀតតាមសំណើប្រធានាធិបតី Francisco Segasti ក្នុងពេលដែលប្រទេសជាតិកំពុងប្រឈម បញ្ហាជាច្រើន។ ភារកិច្ចដំបូងបង្អស់ របស់រដ្ឋមន្ត្រីការបរទេសគឺ ការទិញវ៉ាក់សាំង និងចាក់ជូនពលរដ្ឋដើម្បីគ្រប់គ្រងការឆ្លងកូវីដ-១៩ ។
មកទល់ពេលនេះ ប៉េរូ បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងចំនួន២៨លានដូសពីក្រុមហ៊ុន Sinopharm របស់ចិន និង២០ លានដូសពីក្រុមហ៊ុនPfizer/BioNTech ។ ក្រៅពីនេះក៏បានទិញវ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុន AstraZenacaរបស់អង់គ្លេស ចំនួន១៤លានដូស ៕ ដោយ សាធី
រូបភាព៖ AFP/ TTXVN