ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១នេះ បុរសជនជាតិជប៉ុនម្នាក់ ដែលសារព័ត៌មានបានចុះផ្សាយថា ដេីរស្នាក់នៅតាមសួនសាធារណៈនោះ ពេលនេះត្រូវបានសមត្ថកិច្ចរកឃេីញ ហេីយបានរៀបចំឯកសារតាមនីតិវិធី បញ្ជូនឲ្យស្ថានទូតជប៉ុនហេីយ ។
បេីយោងតាមការបង្ហោះហ្វេសប៊ុកផ្លូវការរបស់ផេកស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបានឃេីញការចុះផ្សាយតាមសារព័ត៌មាននានាលេីបណ្តាញសង្គមហ្វេសបុក លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់សមត្ថកិច្ចជំនាញការិយាល័យសេីុសង្អេត និងអនុវត្តនីតិវិធី នៃផែនការងារអន្តោប្រវេសន៍ បានធ្វេីការចុះស្រាវជ្រាវរកបុរសជនជាតិជប៉ុន និងបានរកឃេីញបុរសជនជាតិជប៉ុនឈ្មោះ Gen Kubuta អាយុ៤១ឆ្នាំ នៅម៉ោង ១១:០០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ នៅត្រង់ចំណុចសួនមុខវត្តបទុម ក្នុងខណ្ឌដូនពេញ។
បន្ទាប់មកសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំគាត់ទៅពិនិត្យសុខភាពដេីម្បីធ្វើតេស្តរកមេរោគCovid-19 នៅមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈរាជធានីភ្នំពេញ ជាលទ្ធផលគឺអវិជ្ជមាន ។
ជាក់ស្តែងបុរសជនជាតិជប៉ុនរូបនេះបានចូលមកព្រះរាជាណាចក្រកម្ពុជា តាំងពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយបាត់លិខិតឆ្លងដែន និងវីសាហួសសុពលភាព ហេីយខ្វះខាតថវិកា ទេីបមិនអាចត្រឡប់ទៅប្រទេសជប៉ុនវិញបាន ។
គួរបញ្ជាក់ថា បន្ទាប់ពីធ្វេីការសាកសួរ និងពិនិត្យសុខភាពរួចរាល់ហេីយ នៅវេលាម៉ោង ០៨ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១នេះ សមត្ថកិច្ចក៏បានបញ្ជូនជនជាតិជប៉ុនរូបនេះទៅឲ្យស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ៕
ដោយ៖សហការី