អន្តរជាតិ៖ បេីតាមការអះអាងពីមន្ត្រីជាន់ខ្ពស់យោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ទោ ហ្សរ មីន ថាន់ (Zaw Min Tun) នឹងជាអ្នកនាំពាក្យនៃក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ដែលកំពុងកាន់អំណាចបណ្តោះអាសន្ន បានថ្លែងនៅថ្ងៃអង្គារទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះយ៉ាងដូច្នេះថា ៖«គោលបំណងរបស់យើង គឺរៀបចំការបោះឆ្នោត និងប្រគល់អំណាចដល់គណបក្សដែលឈ្នះ»។
បើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នាល្ងាចថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ នេះថា ជាក់ស្ដែងស្ថិតនៅចំពោះមុខ ការធ្វេីបាតុកម្មដ៏ក្តៅគគុក នៅក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះ យោធាបានចេញមុខប្រកាសជាលើកទីពីរ ដោយធានារៀបចំការបោះឆ្នោតឡើងវិញ និងប្រគល់អំណាចទៅដល់បក្ស ដែលឈ្នះយ៉ាងពិតប្រាកដ។
មិនតែប៉ុណ្ណោះ យោធាក្រៅពីការចេញមុខធានាចំពោះប្រជាជនមីយ៉ាន់ម៉ាខាងលើនេះ ក៏បានអះអាងផងដែរថា អ្វីគ្រប់យ៉ាងដែលខ្លួនបាននិងកំពុងធ្វើ គឺមិនមែនជារដ្ឋប្រហារឡើយ។ បន្ថែមពីនេះ យោធាមីយ៉ាន់ម៉ាក៏បានថ្កោលទោសចំពោះក្រុមបាតុករ ដែលបានបង្កឲ្យមានអំពើហិង្សា និងបំភិតបំភ័យមន្ត្រីរដ្ឋាភិបាលផងដែរ។
យ៉ាងណាមិញ យោធាមីយ៉ាន់ម៉ា នៅតែមិនទាន់ប្រកាសនៅឡើយទេថា ការបោះឆ្នោតជាថ្មីនឹងប្រព្រឹត្តទៅនៅពេលណា ប៉ុន្តែដូចគ្រប់គ្នាបានដឹងហើយថា ការប្រកាសដាក់ប្រទេសមីយ៉ាន់ម៉ាក្នុងគ្រាអាសន្ន ត្រូវបានសម្រេចឲ្យអនុវត្ត នៅក្នុងរយៈពេល ០១ឆ្នាំ គិតចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលត្រូវបានអន្តរជាតិចាត់ទុកថា ជារដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាចនោះ។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់យោធាមីយ៉ាន់ម៉ារូបនេះ បានសង្កត់យ៉ាងដូច្នេះទៀតថា «យោធានឹងមិននៅកាន់អំណាចយូរនោះឡើយ។ យើងធានាថា… ការបោះឆ្នោតនឹងត្រូវធ្វើឡើង»។ ការថ្លែងបែបបនេះត្រូវធ្វើឡើង ដោយមានការផ្សាយផ្ទាល់តាមគណនី Facebook របស់យោធាមីយ៉ាន់ម៉ាផងដែរ។
ដោយឡែកជាឆ្លើយតបចំពោះសំនួរ អំពីការឃុំខ្លួនលោកស្រី ស៊ូជី និងលោកប្រធានាធីបតី វីន ម្យីនត៍ (Win Myint) វិញ អ្នកនាំពាក្យយោធារូបនេះ បានត្រឹមតែបញ្ជាក់ថា យោធានឹងធ្វើអ្វីៗគ្រប់យ៉ាង ដោយស្របទៅតាមរដ្ឋធម្មនុញ្ញ៕ដោយ៖ស តារា
រូបភាព៖លោកឧត្តមសេនីយ៍ទោ ហ្សរ មីន ថាន់ (Zaw Min Tun) នឹងជាអ្នកនាំពាក្យនៃក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា