លោកស្រី​ អ៊ុង​សាន​ ស៊ូ​ជី ត្រូវប៉ូលីស​មីយ៉ាន់ម៉ា​ ចោទ​ប្រកាន់​ករណី​មួយទៀត​ ​ទាក់ទង​ការបំពានច្បាប់​គ្រោះមហន្តរាយធម្មជាតិ​

ចែករំលែក៖

អន្តរជាតិ​៖​ បើតាម​ការបញ្ជាក់ពីលោក Khin Maung Zaw មេធាវី​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី មេដឹកនាំ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា៖ កូនក្ដី​របស់លោក ត្រូវបាន​ប៉ូលីស​ធ្វេីការចោទប្រកាន់​ជា​លើក​ទី​ពីរ​ ​ពាក់ព័ន្ធ​បទ​បំពាន​ច្បាប់​មហន្តរាយ​ធម្មជាតិ​។ ខណៈ​បទ​ចោទ​លើកទីមួយ លោកស្រី ស៊ូ​ជី ត្រូវបាន​ចោទ​ពីបទ នាំចូល​វិទ្យុ និង​ឧបករណ៍​ទាក់ទង​ខុសច្បាប់​។

ជាក់ស្ដែង​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​ ២០២១​ ប៉ូលីស​មី​យ៉ាន់​ម៉ា បាន​ចោទ​លោកស្រី​ អ៊ុង​សាន ស៊ូ​ជី លើ​ករណី​មួយទៀត​ទាក់ទង​ការបំពានច្បាប់​គ្រោះមហន្តរាយធម្មជាតិ​។ ការចោទប្រកាន់​នេះ ធ្វើឡើង​មួយថ្ងៃ​មុន បញ្ជា​ឃុំខ្លួន​របស់លោក​ស្រី ស៊ូ​ជី លើ​ការចោទប្រកាន់​មុន ត្រូវអស់​សុពលភាព​។

​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាននិយាយថា លោក​មេធាវី លោកស្រី​ អ៊ុង​សាន ស៊ូ​ជី បាន​ជួប​ជាមួយ​ចៅក្រម​រួចហើយ តាម​ប្រព័ន្ធ​វីដេអូ ដែល​មិនមាន​មេធាវី​ចូលរួម​ឡើយ​។ សវនាការ​របស់លោក​ស្រី​ស៊ូ​ជី​ បន្ទាប់​នឹងធ្វើ​នៅ​ថ្ងៃទី​១ ខែមីនា ខាងមុខ​។

​ដោយឡែក​ស្របពេល​នឹង​ការចោទប្រកាន់​នេះ រដ្ឋាភិបាលយោធា​ឯណោះ​វិញ បាន​សន្យា​ជាថ្មី​ជុំវិញ​ការរៀបចំ​បោះឆ្នោត និង​ប្រគល់​អំណាច​ឱ្យ​បក្ស​ឈ្នះ​។ បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី Zaw Min Tun អ្នកនាំពាក្យ​របប​យោធា គោលបំណង​របស់​យោធា គឺ​ការបោះឆ្នោត​។ ការលើកឡើង​ជាថ្មី​រប​ស់​ក្រុម​យោធា​បែបនេះ ទំនង​ធ្វើឡើង​ដើម្បី​កាត់បន្ថយ​កំហឹង​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា ដែល​បាន​តវ៉ា​នៅ​ស្ទើ​តែ​ទូទាំងប្រទេស​។

សូមជម្រាបថា​ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ប្រជាជន​មី​យ៉ាន់​ម៉ា ដោយ​រួមទាំង​ព្រះសង្ឃ​ផង​នោះ នៅតែ​បន្ត​ចេញមក​បាតុកម្ម​ជំទាស់​នឹង​ក្រុម​យោធា នៅក្នុង​ទីក្រុង​យ៉ាង​ហ្គោ​ន និង​តំបន់​ផ្សេងទៀត ទោះ​រដ្ឋាភិបាល​បាន​បញ្ជូន​កម្លាំង​ទាហាន​បន្ថែម​មក​ក្នុង​ក្រុង​ធំៗ​ក៏ដោយ​។ បាតុកម្ម​របស់​ប្រជាជន បាន​ឈាន​ចូលដល់​ថ្ងៃទី​១១ ហើយ។

​គួរបញ្ជាក់ថា​ ក្រុម​យោធា កន្លងមកបាន​សន្យា​រថា ខ្លួន​នឹង​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី​ឡើងវិញ នៅពេល​ស្ថាន​ភាពអាសន្ន ត្រូវបាន​បញ្ចប់​។ របប​យោធា​ដែល​ឡើងកាន់​អំណាច​នៅ​ដើមខែ​កុម្ភៈ ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​មួយឆ្នាំ​៕ដោយ៖ស​ តារា​

...

រូបភាព​៖ប្រជាជនមីយ៉ាន់ម៉ា​ធ្វេីការតវ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print