អន្តរជាតិ៖ ក្រោយសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើមន្ត្រីរបបយោធាមីយ៉ាន់ម៉ា ដែលដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិលពីលោកស្រី អ៊ុងសាន ស៊ូជី នៅដេីមខែកុម្ភៈនេះ។ ពេលនេះដល់វេនចក្រភពអង់គ្លេស និងកាណាដា ក៏បានដាក់ទណ្ឌកម្មលើរបបយោធាមីយ៉ាន់ម៉ាននេះដែរ។ អង់គ្លេស ដាក់ទណ្ឌកម្មលើមន្ត្រីសំខាន់ៗបីនាក់ក្នុងក្បាលម៉ាស៊ីនរដ្ឋាភិបាលយោធា តែមិនមានឈ្មោះប្រមុខរបបយោធាឧត្តមសេនីយ៍ មីន អ៊ុងឡាំង ឡើយ ចំណែកកាណាដាដាក់ទណ្ឌកម្មលើមន្ត្រី៩នាក់ដែរ។ ចំពោះទណ្ឌកម្មរួមនេះមាន៖ការបង្កកទ្រព្យសម្បត្តិ និងការរឹតត្បិតការធ្វើដំណើរ។
ក្នុងសេចក្ដីប្រកាសថ្ងៃទី១៨ ខែកុម្ភៈ អង់គ្លេសបានដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីពីរនាក់ និងអនុរដ្ឋមន្ត្រីម្នាក់ ទាក់ទងការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរក្រោយការធ្វើរដ្ឋប្រហារ។ អ្នកទាំងបីរួមមានរដ្ឋមន្ត្រីការពារជាតិ Mya Tun Oo, រដ្ឋមន្ត្រីមហាផ្ទៃ Soe Htut និងអនុរដ្ឋមន្ត្រីមហាផ្ទៃ Than Hlaing ។ ពួកគេទាំងបី នឹងត្រូវអង់គ្លេសបង្កកទ្រព្យសម្បតិ្ត ហើយមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់អង់គ្លេសឡើយ។ អគ្គមេបញ្ជាការកងទ័ព ឧត្តមសេនីយ៍ មីន អ៊ុងឡាំង និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត មិនមានឈ្មោះក្នុងបញ្ជីទណ្ឌកម្មឡើយ ព្រោះស្ថិតក្រោមទណ្ឌកម្មអង់គ្លេសស្រាប់ហើយ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស Dominic Raab បានបញ្ជាក់នៅថ្ងៃទី១៨ ខែកុម្ភៈ ថា៖«យើងរួមជាមួយសម្ពន្ធមិត្តអន្តរជាតិ នឹងឱ្យយោធាមីយ៉ាន់ម៉ាទទួលខុសត្រូវចំពោះការបំពានសិទ្ធិមនុស្ស និងស្វែងរកយុត្តិធម៌ឱ្យប្រជាជនមីយ៉ាន់ម៉ា។» បន្ថែមពីលើទណ្ឌកម្ម អង់គ្លេសក៏ចេញវិធានការដើម្បីបញ្ចៀសការផ្ដល់ជំនួយមិនផ្ទាល់ដល់យោធាផងដែរ។
ដោយឡែកនៅថ្ងៃដដែលនោះ ប្រទេសកាណាដា ក៏បានប្រកាសទណ្ឌកម្មលើមន្ត្រីយោធា៩នាក់ដែរ ទាក់ទងការឃុំខ្លួនមនុស្សទ្រង់ទ្រាយធំ ការប្រើកម្លាំង និងការរឹតត្បិតសេរីភាពប្រជាធិបតេយ្យ។ជាក់ស្ដែង ប្រមុខការទូតកាណាដា Marc Garneau ក្នុងសេចក្ដីថ្លែងការណ៍មួយ ក៏ប្ដេជ្ញាធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីនាំយករដ្ឋាភិបាលជាប់ឆ្នោតាមប្រជាធិបតេយ្យ ឱ្យដឹកនាំប្រទេសវិញ និងស្នើឱ្យរបបយោធាដោះលែងអ្នកជាប់ឃុំពេលធ្វើរដ្ឋប្រហារ។
សូមជម្រាបថា រហូតមកទល់ពេលនេះ របបរដ្ឋប្រហារយោធា បានចាប់ខ្លួនមនុស្សជាង៥០០នាក់ហើយ ដែលរាប់ទាំងលោកស្រី អ៊ុងសាន ស៊ូជី ផងដែរ។ អាជ្ញាធរ ក៏ចាប់ខ្លួនបាតុករជាបន្តបន្ទាប់ អំឡុងពេលតវ៉ាប្រឆាំងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។ បុគ្គលជាច្រើនទៀត ក៏ស្ថិតក្នុងបញ្ជីឈ្មោះត្រូវចាប់ខ្លួន ដែលក្នុងនោះក៏មានតារាល្បីឈ្មោះ ប្រចាំប្រទេសដែលត្រូវចោទថា ញុះញង់ឱ្យប្រជាជនប្រឆាំងរដ្ឋអំណាច។
គួរបញ្ជាក់ថា ជិត២០ថ្ងៃមកនេះ សម្ពាធពីអន្តរជាតិក៏បន្តធ្លាក់លើរបបសឹកមីយ៉ាន់ម៉ា។ ក្រុមប្រទេស Quad ដែលមានអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ចង់ឃើញការវិលត្រឡប់ទៅរកប្រជាធិបតេយ្យវិញនៅមីយ៉ាន់ម៉ា។ ក្នុងសេចក្ដីប្រកាស ក្រោយជំនួបរដ្ឋមន្ត្រីការបរទេស ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា លោក អាន់តូនី ប្លីងឃិន បានជជែកជាមួយសមភាគីបីប្រទេសទៀត ពីភាពចាំបាច់ក្នុងការបង្កើតឡើងវិញរដ្ឋាភិបាលជាប់ឆ្នោតស៊ីវិល។
ចំណែកប្រមុខការទូតជប៉ុន លោក Toshimitsu Motegi និយាយថា លោកឯកភាពនឹងរដ្ឋមន្ត្រីការបរទេសអាមេរិក ឥណ្ឌា និងអូស្ត្រាលី ដែលទាមទារមីយ៉ាន់ម៉ា ត្រូវមានប្រជាធិបតេយ្យឡើងវិញឱ្យបានលឿន៕ដោយ៖ស តារា