អាជ្ញាធរខេត្តព្រះសីហនុ ចុះរុះរើសំណង់ប្រជាពលរដ្ឋសង់លើដីកម្មសិទ្ធអ្នកដទៃ​ បែរ​ជា​ពលរដ្ឋ​នាំគ្នាប្រេីហិង្សាដាក់អាជ្ញារមិនឲ្យអនុវត្តនីតិវិធី

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ អាជ្ញាធរស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ​ បានសហការជាមួយតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០២១ ដឹកនាំកម្លាំងចម្រុះចុះអនុវត្តនីតិវិធីរុះរើសំណង់ខ្ទម នៅលើទីតាំងដីមានបណ្ណ័សារកម្មសិទ្ធិរបស់អ្នកដទៃ ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ​ ដោយពលរដ្ឋទាំងនោះបានលួចសង់រំលោភកាន់កាប់ស្នាក់នៅយ៉ាងអនាធិបតេយ្យ។​ ខណៈក្នុងអនុវត្តនីតិវិធីនោះ​ ស្រាប់​តែ​ប្រជាពលរដ្ឋជាច្រើននាក់ដែលមានផ្ទះ និងដីនៅតំបន់នោះ បាននាំគ្នាធ្វេីការតវ៉ាប្រឆាំងនឹងការចុះអនុវត្តនេះ​ ដើម្បីស្នើសុំឲ្យអាជ្ញាធរមានការដោះស្រាយ​ និងទទួលខុសត្រូវចំពោះការរុះរើបំផ្លាញផ្ទះនិងដំណាំរបស់គាត់។

​អាជ្ញាធរខេត្តព្រះសីហនុ និងតំណាងអយ្យការអមសាលាដំបូងខេត្ត បានបញ្ជាក់ថា​ ខ្ទម​ និងផ្ទះចំនួន៥៨ខ្នងក្នុងចំណោមផ្ទះប្រមាណជាង៧០ខ្នង និងដំណាំមួយចំនួនផងនោះ​ ត្រូវបានរុះរើឈូសឆាយចោល​ ដោយប្រេីប្រាស់​គ្រឿងចក្រអេស្កាវ៉ាទ័រចំនួន៣គ្រឿង​។ ប៉ុន្តែ​នៅពេលកំពុងឈូសឆាយ​ ក៏ត្រូវពលរដ្ឋនាំគ្នាយកដបសាំងគប់បណ្តេញ​ចេញ ដើម្បីបញ្ឈប់សកម្មភាពឈូសឆាយផ្ទះ​ និងបានស្ទាក់គ្រឿងចាក់ទុក​ ហេីយព្រមទាំងព្រមានដុតកំទេចចោល​ បើមិនមានដំណោះស្រាយជូនពួកគាត់។

អជ្ញាធរបន្តថា​ ទីតាំងខ្ទម​ និងផ្ទះទាំងនោះ ខ្លះមានម្ចាស់រស់នៅ​ ខ្លះទៀតបិទទ្វារធ្វេីជាខ្ទមចាំដី​ និងមានក្បាលដីខ្លះធ្វើរបងហ៊ុំព័ទ្ធទុកចោលយកធ្វេីជាកម្មសិទ្ធផ្ទាល់ខ្លួន។

បេីតាមសម្តីប្រជាជនមួយចំនួន​ បានអះអាងថា ពួកគាត់បានចូលមកកាប់រានព្រៃយក​ ជាចំណែកតូចៗធ្វើផ្ទះដេីម្បីស្នាក់នៅ ព្រោះតែជីវភាពខ្វះខាត។​ ចំណែក​អ្នកខ្លះទៀត​ បានទិញពីគេតៗគ្នា​ ដោយសារតែមានការអូសទាញរបស់មេខ្យល់​ បានលើកហេតុផលថាតំបន់នេះ​ គឺជាដីរដ្ឋ (គម្របព្រៃឈើ)។

ដោយឡែក​យោងតាមឯកសារ ដីនេះមានបណ្ណ័រឹង ចុះហត្ថលេខាដោយ លោក ចេង ស្រុង ប្រធានមន្ទីរសូរិយាដីខេត្តព្រះសីហនុ​ នៅថ្ងៃ២៩ ខែមករា​ ឆ្នាំ​២០១៩ មានទំហំ១០០ហិចតាស្មើនឹង២០បណ្ណ័។​ ជាក់​ស្ដែង​ប្រវត្តិបណ្ណ័នេះ​ មានឈ្មោះដើម គង់ មាលា ភេទស្រី កើតឆ្នាំ១៩៦២ បានផ្ទេរ(លក់ឡៃឡុង)ឲ្យ​ទៅឈ្មោះ ឆៃ ជីងហ៊ាង ។

សូមជម្រាបថា​ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧​ ខែមិថុនាឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងមករដ្ឋបាលស្រុកស្ទឹងហាវដើម្បីដឹកនាំរៀបចំទីតាំងខាងលេីនេះតាមនីតិវិធី​ ចំពោះ​ប្រជាពលរដ្ឋ​ដែល​បានរំលោភលេីដីកម្មសិទ្ធរបស់គេ​ ឲ្យរុះរេីចេញផងដែរ​ ប៉ុន្តែពលរដ្ឋមិនអនុវត្តតាមឡើយនិងនៅតែបន្តសកម្មភាព ទិញ/លក់ តគ្នា សង់ផ្ទះថ្មីៗបន្ថែមដោយគ្មានអាជ្ញាធរដឹងឮនោះទេ។

គួរបញ្ជាក់ថា​ នៅព្រឹក​ថ្ងៃទី២០​ ខែកុម្ភៈ​នេះ​ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ បានឲ្យដឹងថា​ ក្នុងការអនុវត្តនីតិវិធីរុះរេីខ្ទម​ និងផ្ទះប្រជាពលរដ្ឋមិនទាន់បញ្ចប់នៅឡេីយនោះទេ​ ព្រោះតែពលរដ្ឋនាំគ្នាតវ៉ាប្រឆាំងខ្លាំងពេក​ដោយនាំគ្នាប្រេីហិង្សាមកលេីសមត្ថកិច្ច ទេីបអាជ្ញាធរដកកម្លាំងមកវិញ​សិន ដេីម្បីធ្វេីការសម្របសម្រួលនីតិវិធីណាមួយរវាងម្ចាស់ដី​ និងប្រជាជន៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print