អន្តរជាតិ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន ថ្លែងសុន្ទរកថាជាលើកដំបូងទៅកាន់ជំនួបសន្តិសុខមុយនិច នៅថ្ងៃទី១៩ ខែកុម្ភៈ បានប្រកាសជាថ្មីថា អាមេរិកត្រឡប់មកវិញហើយ។ ដោយពាក្យមួយឃ្លានេះ ត្រូវបានរដ្ឋបាលអាមេរិកប្រើប្រាស់តាំងពីដើមអាណត្តិមកដើម្បីបង្ហាញពីការផ្លាស់ប្ដូរគោលនយោបាយរបស់មហាអំណាចមួយពីការគិតគូរតែប្រយោជន៍ខ្លួនទៅជាការពង្រឹងចំណងទាក់ទងជាមួយសម្ពន្ធមិត្តឡើងវិញ។
ជាក់ស្ដែង ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ បួនឆ្នាំកន្លងទៅ អាមេរិកបានដកខ្លួនចេញពីគេឯង មិនសូវខ្វល់ពីទំនាក់ទំនងល្អៗរវាងអាមេរិក និងសម្ពន្ធមិត្តឡើយ ហើយជារឿយៗ ថែមទាំងរករឿងគេឯងទៅទៀត។
សម្រាប់លោក ចូ បៃឌិន បួនឆ្នាំបន្ទាប់ អ្វីដែលកើតឡើងទាំងនេះ នឹងមិនកើតមានទៀតឡើយ។ លោក បៃឌិន ថ្លែងពីសេតវិមានតាមប្រព័ន្ធវីដេអូ បានប្រាប់ឱ្យសម្ពន្ធមិត្តអាមេរិកទុកចិត្តការដឹកនាំរបស់អាមេរិកឡើងវិញ ព្រោះអាមេរិកត្រឡប់មកវិញហើយ ហើយសម្ពន្ធភាពអន្តរអាត្លង់ទិកក៏មកវិញដែរ។
លោក បៃឌិន បានប្រកាសយ៉ាងដូច្នេះថា៖«អាមេរិកតាំងចិត្តក្នុងការងាកមកអឺរ៉ុបឡើងវិញ និងជជែកគ្នាដើម្បីយកតួនាទីភាពជាអ្នកដឹកនាំជាថ្មី»។ ប្រធានាធិបតីអាមេរិករូបនេះ ក៏និយាយដល់ការរាលដាលរបៀបដឹកនាំផ្ដាច់ការលើពិភពលោករាប់ទាំងនៅតំបន់អឺរ៉ុប ដែលលោកចាត់ទុកជាការវាយប្រហារលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែលោកជឿថា ប្រជាធិបតេយ្យនឹងឈ្នះ។
គួរបញ្ជាក់ថា ចិន និងរុស្ស៊ី ក៏មានឈ្មោះក្នុងសុន្ទរកថារបស់លោក បៃឌិន ដែរ។ ទោះទាត់ចោលការវិលត្រឡប់ទៅរកការបែងចែកប្លុកសេរី និងប្លុកកុម្មុយនីស្តដូចសម័យសង្គ្រាមត្រជាក់ក្ដី លោក បៃឌិន នៅតែអំពាវនាវឱ្យប្រទេសនានារួមដៃគ្នាទប់ទល់ការគំរាមពីសំណាក់ប្រទេសទាំងពីរនេះ។ លោកចោទសមភាគីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ថា ព្យាយាមធ្វើឱ្យអឺរ៉ុប និងសម្ពន្ធយោធាណាតូទន់ខ្សោយ។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ លោក បៃឌិន ទទូចឱ្យលោកខាងលិចរួមគ្នាព្រោះរុស្ស៊ីនឹងពិបាកសម្រេចគោលដៅ។
ដោយឡែកចំពោះចិនវិញ ប្រមុខរដ្ឋអាមេរិកដែលទើបនិយាយតាមទូរសព្ទជាមួយប្រធានាធិបតី ស៊ី ជិនភីង ក៏ប្រាប់ឱ្យដៃគូរបស់អាមេរិកងើបឈរប្រឆាំងសកម្មភាពសេដ្ឋកិច្ចបែបគំរាមរបស់ចិន ដែលលោកអះអាងថា ធ្វើឱ្យប៉ះពាល់ប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិ។ សម្រាប់លោក បៃឌិន ក្រុមហ៊ុនរបស់ចិនគួរត្រូវជួបការរឹតត្បិតដូចអ្វីដែលក្រុមហ៊ុននានាជួបនៅចិនដូច្នោះដែរ៕ដោយ៖ស តារា
រូបភាព៖AFP