ប្រធានាធិបតី​អាមេរិក ចូ បៃ​ឌិន ប្រកាស​ជាថ្មី​ថា អាមេរិក​ត្រឡប់​មកវិញហើយ​

ចែករំលែក៖

អន្តរជាតិ​៖​ ប្រធានាធិបតី​អាមេរិកលោក ចូ បៃ​ឌិន ថ្លែង​សុន្ទរកថា​ជា​លើកដំបូង​ទៅកាន់​ជំនួប​សន្តិសុខ​មុយ​និ​ច​ នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ បានប្រកាស​ជាថ្មី​ថា អាមេរិក​ត្រឡប់​មកវិញហើយ​។ ដោយពាក្យមួយ​ឃ្លា​នេះ ត្រូវបាន​រដ្ឋបាល​អាមេរិក​ប្រើប្រាស់​តាំងពីដើម​អាណត្តិ​មក​ដើម្បី​បង្ហាញ​ពី​ការផ្លាស់ប្ដូរ​គោលនយោបាយ​របស់​មហាអំណាច​មួយ​ពី​ការគិតគូរ​តែ​ប្រយោជន៍​ខ្លួន​ទៅជា​ការពង្រឹង​ចំណងទាក់ទង​ជាមួយ​សម្ពន្ធមិត្ត​ឡើងវិញ​។

​ជាក់ស្ដែង​ ក្រោម​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បួន​ឆ្នាំ​កន្លងទៅ អាមេរិកបាន​ដកខ្លួន​ចេញពី​គេឯង មិនសូវ​ខ្វល់​ពី​ទំនាក់ទំនង​ល្អៗ​រវាង​អាមេរិក និង​សម្ពន្ធមិត្ត​ឡើយ ហើយ​ជារឿយៗ ថែមទាំង​រករឿង​គេឯង​ទៅទៀត​។

​សម្រាប់​លោក​ ចូ បៃ​ឌិន បួន​ឆ្នាំ​បន្ទាប់ អ្វីដែល​កើតឡើង​ទាំងនេះ នឹងមិន​កើតមាន​ទៀតឡើយ​។ លោក បៃ​ឌិន ថ្លែង​ពី​សេត​វិមាន​តាម​ប្រព័ន្ធ​វីដេអូ បាន​ប្រាប់​ឱ្យ​សម្ពន្ធមិត្ត​អាមេរិក​ទុកចិត្ត​ការដឹកនាំ​របស់​អាមេរិក​ឡើងវិញ ព្រោះ​អាមេរិក​ត្រឡប់​មកវិញហើយ ហើយ​សម្ពន្ធភាព​អន្ត​រអា​ត្ល​ង់​ទិ​ក​ក៏​មកវិញ​ដែរ​។​

លោក បៃ​ឌិន បានប្រកាសយ៉ាងដូច្នេះថា៖«​អាមេរិក​តាំងចិត្ត​ក្នុងការ​ងាក​មក​អឺរ៉ុប​ឡើងវិញ និង​ជជែក​គ្នា​ដើម្បី​យក​តួនាទី​ភាពជា​អ្នកដឹកនាំ​ជាថ្មី​​»។ ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏​និយាយ​ដល់​ការ​រាលដាល​របៀប​ដឹកនាំ​ផ្ដាច់ការ​លើ​ពិភពលោក​រាប់ទាំង​នៅ​តំបន់​អឺរ៉ុប ដែល​លោក​ចាត់ទុកជា​ការវាយប្រហា​រ​លទ្ធិប្រជាធិបតេយ្យ​។ ប៉ុន្តែ​លោក​ជឿថា ប្រជាធិបតេយ្យ​នឹង​ឈ្នះ​។​

​គួរបញ្ជាក់ថា​ ចិន និង​រុស្ស៊ី ក៏មាន​ឈ្មោះ​ក្នុង​សុន្ទរកថា​របស់លោក បៃ​ឌិន ដែរ​។ ទោះ​ទាត់ចោល​ការវិលត្រឡប់​ទៅរក​ការបែងចែក​ប្លុក​សេរី និង​ប្លុក​កុម្មុយនីស្ត​ដូច​សម័យ​សង្គ្រាមត្រជាក់​ក្ដី លោក បៃ​ឌិន នៅតែ​អំពាវនាវ​ឱ្យ​ប្រទេស​នានា​រួមដៃគ្នា​ទប់ទល់​ការ​គំរាម​ពី​សំណាក់​ប្រទេស​ទាំងពីរ​នេះ​។ លោក​ចោទ​សម​ភាគី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ថា ព្យាយាម​ធ្វើឱ្យ​អឺរ៉ុប និង​សម្ពន្ធ​យោធា​ណា​តូ​ទន់ខ្សោយ​។ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ លោក បៃ​ឌិន ទទូច​ឱ្យ​លោកខាងលិច​រួមគ្នា​ព្រោះ​រុស្ស៊ី​នឹង​ពិបាក​សម្រេច​គោលដៅ​។​

ដោយឡែក​​ចំពោះ​ចិន​វិញ ប្រមុខរដ្ឋ​អាមេរិក​ដែល​ទើប​និយាយ​តាម​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី ស៊ី ជិន​ភីង ក៏​ប្រាប់​ឱ្យ​ដៃគូ​របស់​អាមេរិក​ងើបឈរ​ប្រឆាំង​សកម្មភាព​សេដ្ឋកិច្ច​បែប​គំរាម​របស់​ចិន ដែល​លោក​អះអាងថា ធ្វើឱ្យប៉ះពាល់​ប្រព័ន្ធ​សេដ្ឋកិច្ច​អន្តរជាតិ​។ សម្រាប់​លោក បៃ​ឌិន ក្រុមហ៊ុន​របស់​ចិន​គួរ​ត្រូវ​ជួប​ការ​រឹតត្បិត​ដូច​អ្វីដែល​ក្រុមហ៊ុន​នានា​ជួប​នៅ​ចិន​ដូច្នោះ​ដែរ​៕ដោយ​៖ស​ តារា​

...

រូបភាព​៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print