ខេត្តកណ្ដាល ៖ ថ្ងៃសៅរ៍ ៩កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងអញ្ជើញជិះកង់ចុះពិនិត្យមើលគុណភាពស្ថានភាពសាងសង់ផ្លូវជាតិលេខ២១ ចាប់ពីពហុកីឡដ្ឋានស្រុកកោះធំ រហូតដល់ភូមិជ្រៃធំ ឃុំសំពៅពូន (ព្រំប្រទល់ប្រទេសវៀតណាម) ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល។
សូមបញ្ជាក់ជូនថា៖ ផ្លូវជាតិលេខ២១នេះ មានប្រវែងសរុប ៦៣,៦គីឡូម៉ែត្រ (ពីតាខ្មៅ ដល់ ជ្រៃធំ) ត្រូវ បានបើកការដ្ឋានសាងសង់ធ្វើឱ្យប្រសើរឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ និងបញ្ចប់ការសាង សង់នៅខែតុលា ឆ្នាំ២០១៧ កន្លងទៅ ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្យការងារសាងសង់ជញ្ជាំងបេតុងការពារច្រាំងព្រែក ត្រង់ចំណុចបង្គោលព្រំដែនលេខ២៤៦ ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន (ព្រំប្រទល់ប្រទេសវៀតណាម) ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដើម្បីទប់ស្កាត់ និងការពារបង្គោលព្រំដែនដែលជាសំណង់ប្រវត្តិសាស្ត្រកុំឲ្យបាក់ចូលក្នុងព្រែក ក៏ដូចជាដើម្បីថែរក្សាការពារពីការប្រែប្រួលបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិផងដែរ៕
ដោយ, សិលា