ខេត្តស្ទឹងត្រែង: បុរសម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលឃុំសេកុង ឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ពាក់ព័ន្ធករណីប្រើអំពើហិង្សាក្នុងគ្រួសារ ព្រមទាំងដកហូតបានអាវុធកែច្នៃមួយដើម និងឧបករណ៍បទល្មើសមួយចំនួនបន្ថែមទៀត ក្រោយពីស្ត្រីរងគ្រោះជាប្រពន្ធមកដាក់ពាក្យបណ្តឹង នៅវេលាម៉ោង៨ៈ៣០នាទីព្រឹកថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២១ ស្ថិតក្នុងភូមិលុនត្រើយខាងកើតទន្លេសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ក្នុងរបាយការណ៍មន្ត្រីប៉ុស្តិ៍នគរបាលឃុំសេកុង បានបញ្ជាក់ថា បុរសត្រូវជាប្តីឈ្មោះម៉ៅ ធី ភេទប្រុស អាយុ៥៩ឆ្នាំ បានធ្វើសកម្មភាពហិង្សាដោយចេតនាទៅលើស្ត្រីជាប្រពន្ធឈ្មោះរវ៉ង់ តង់ អាយុ៣០ឆ្នាំ នៅវេលាម៉ោង២៣យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិលុនត្រើយខាងកើតទន្លេសេកុង ឃុំសេកុង ស្រុកសៀមប៉ាង។
លុះព្រឹកឡើងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ត្រីរងគ្រោះឈ្មោះរវ៉ង់ តង់ ត្រូវជាប្រពន្ធកើតទុក្ខមិនសុខចិត្ត ដោយប្តីរបស់ខ្លួនបានប្រើហិង្សាមកលើខ្លួនជាច្រើនដង ក៏បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលឃុំសេកុង ហើយកម្លាំងនគរបាលប៉ុស្តិ៍ក៏បានឃាត់ខ្លួនបុរស់ជាប្តីនៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២១ នាំមកប៉ុស្តិ៍ដើម្បីកសាងសំណុំរឿង រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដើម្បីបន្តនីតិវិធីទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា: ក្រោយពីឃាត់ខ្លួនបុរសជាប្ដីក្នុងករណីហិង្សាខាងលើនេះ សមត្ថកិច្ចបានរកឃើញអាវុធកែច្នៃមួយដើម និងឧបករណ៍ល្មើសច្បាប់ក្បាលឆក់ត្រីមួយ រួមនិងវិទ្យុទាក់ទងចំនួន៤គ្រឿងបន្ថែមទៀត ដើម្បីបញ្ជូនខ្លួនជនសង្ស័យ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕
ដោយ:មាស សុផាត