មន្ត្រី​ចារកិច្ច​យោធា​តៃវ៉ាន់​បួន​នាក់​ រដ្ឋអាជ្ញា​តុលាការ​ទីក្រុង​តៃប៉ិ​ ចោទប្រកាន់​ពីបទ​លួច​យកការណ៍​ឲ្យចិន

ចែករំលែក៖

អន្តរជាតិ​៖​ បើតាម​ការបញ្ជាក់​របស់​រដ្ឋអាជ្ញា​តុលាការ​ទីក្រុង​តៃប៉ិ​ ​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ​ ឆ្នាំ​២០២១​ បាននិយាយថា​ អតីតមន្ត្រី​ចារកិច្ច​យោធា​តៃវ៉ាន់​បួន​នាក់ ខណៈដែល​​ក្នុងនោះ​មាន​ម្នាក់​ធ្លាប់ជា​ឧ​ត្ត​ម​សេនីយ៍​ទោ​ផង ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​យកការណ៍​ឲ្យចិន។

​រដ្ឋអាជ្ញា​ក្នុង​ទីក្រុង​តៃប៉ិ​ បាននិយាយបន្ថែមថា អតីតមន្ត្រី​យោធា​ទាំង​បួន​នាក់ បាន​បង្កើត​បណ្ដាញ​ស៊ើប​យកការណ៍ និង​ប្រមូល​ព័ត៌មាន​សម្ងាត់​ឱ្យ​ទីក្រុង​ប៉េកាំង​។ ដោយឡែក​បើតាម​មេធាវី​រដ្ឋាភិបាល ពីរ​នាក់​ក្នុងចំណោម​អ្នក​ទាំង​បួន​ដែលជា​វរសេនីយ៍ ត្រូវបាន​អូសទាញ​ដោយ​មន្ត្រី​សន្តិសុខ​ជាតិ​របស់​ចិន​នៅឯ​ខេត្ត​គ័ង​តុង ហើយ​បាន​ណែនាំ​សហការី​ពួកគេ​ជាច្រើន​នាក់​ឱ្យ​ស្គាល់​មន្ត្រី​ចិន​តាំងពី​ឆ្នាំ​២០១២ មក​។​

​ក្នុងចំណោម​នោះ ក៏មាន​មន្ត្រី​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​ម្នាក់​មានត្រកូល Yueh ។ ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ស្រង់​សម្ដី​រដ្ឋអាជ្ញា​តៃវ៉ាន់​ថា លោក Yueh ទទួលបាន​លុយ វត្ថុ​អនុស្សាវរីយ៍ និង​ដំណើរ​កម្សាន្ត​ឥតគិតថ្លៃ​ជាច្រើនលើក​នៅ​ទឹកដី​ចិន និង​ម៉ា​កាវ​។ អតីតមន្ត្រី​ចារកិច្ច​រូបនេះ ក៏​ធ្វើការ​ជាមួយ​មន្ត្រី​ឯទៀត​ដើម្បី​បង្កើត​ខ្សែរយៈ​យកការណ៍​ឱ្យ​ទីក្រុង​ប៉េកាំង​។​

​ជាក់ស្ដែង​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន រដ្ឋអាជ្ញា​ប្រចាំ​ទីក្រុង​តៃប៉ិ​បន្ថែមថា អ្នក​ទាំង​បួន​នាក់​បានដឹង​ពី​ការប្រឈមមុខ​ដាក់គ្នារ​វាង​ចិន និង​តៃវ៉ាន់ តែ​បន្តធ្វើ​សកម្មភាព​ខុសច្បាប់​ដដែល​។ ពួកគេ ត្រូវ​ចោទ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ និង​ច្បាប់​ចារកិច្ច​។

​សូមជម្រាបថា​ បេីមែនទែនទៅ ចិន និង​តៃវ៉ាន់ សុទ្ធតែ​អនុវត្ត​វិធីសាស្ត្រ​ដូចគ្នានេះ​ដើម្បី​ប្រមូល​ព័ត៌មាន​ពីគ្នា​ទៅវិញទៅមក​។ ចិន​ក៏​ធ្លាប់​ចាប់ខ្លួន​អ្នកយកការណ៍​ឱ្យ​តៃវ៉ាន់ ឯ​តៃវ៉ាន់​ក៏​ធ្លាប់​ចាប់ខ្លួន និង​កាត់ទោស​អ្នកស៊ើប​ការណ៍​ឱ្យ​ចិន​ដែរ​។ កាលពី​ខែតុលា ឆ្នាំ​២០២០ តុលាការ​តៃវ៉ាន់​កាត់ទោស​មន្ត្រី​យោធា​ម្នាក់​ឱ្យ​ជាប់គុក​បួន​ឆ្នាំ​លើ​ការយក​ការណ៍​នេះ​។

​គួរបញ្ជាក់ដែរថា​ ចំណែក​ខ្សែបណ្ដាញ​ស៊ើបការណ៍ដែលនៅ​ទឹកដី​ចិន​វិញ ​ក៏បានអះអាងថា បណ្ដុះបណ្ដាល​ដោយ​តៃវ៉ាន់ ក៏ត្រូវ​បាន​បំបែក​ជាច្រើនលើក​។ សម្រាប់​ចិន គេ​កម្រ​ឃើញ​ជនជាតិ​ចិន​ណា​ត្រូវ​ចាប់ខ្លួន​ក្រោម​ហេតុផល​នេះ​ណាស់ ដោយមាន​ច្រើនតែ​អ្នក​មកពី​កោះ​តៃវ៉ាន់​ផ្ទាល់​៕ដោយ​៖សហការី​

...

រូបភាព​៖តុលាការ​ទីក្រុង​តៃប៉ិ​ ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print