អន្តរជាតិ៖ បេីតាមការសរសេរបង្ហោះនៅលើ Twitter របស់លោក Adar Poonawall នាយកប្រតិបត្តិវិទ្យាស្ថាន Serum ដែលជារោងចក្រផលិតវ៉ាក់សាំងធំជាងគេរបស់ពិភពលោក បានស្នើសុំការអត់ធ្មត់ពីបណ្ដាប្រទេសរង់ចាំវ៉ាក់សាំងកូវីដ-១៩ ដែលខ្លួនផលិត។ នាយកប្រតិបត្តិវិទ្យាស្ថាន Serum បានបញ្ជាក់លើ Twitter ថា ក្រុមហ៊ុនរបស់លោក ត្រូវបំពេញតម្រូវការក្នុងស្រុកផង និងត្រូវបញ្ចេញទៅក្រៅប្រទេស។
ជាក់ស្ដែងលោក Adar Poonawall នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ បានសង្កត់ធ្ងន់ថា៖ «ខ្ញុំស្នើអ្នកឱ្យអត់ធ្មត់»។ លោកបន្តថា ក្រុមហ៊ុនរបស់លោក ត្រូវបានបង្គាប់ឱ្យផលិតវ៉ាក់សាំងកូវីដ-១៩ សម្រាប់បំពេញតម្រូវការក្នុងស្រុកសិន ព្រមគ្នារក្សាតុល្យភាពវ៉ាក់សាំងដែលត្រូវនាំចេញផងដែរ។ លោកថា ក្រុមហ៊ុនរបស់លោក កំពុងប្រឹងប្រែងពីលទ្ធភាពហើយ។
សូមជម្រាបថា រោងចក្ររបស់ Serum មានទីតាំងទីក្រុង Pune ដែលនៅភាគខាងលិចឥណ្ឌា។ ដោយរោងចក្រនេះ ផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ក្រោមឈ្មោះ Covishield ។ ដោយឡែកឥណ្ឌា ក៏ប្រើប្រាស់វ៉ាក់សាំងនេះក្នុងកម្មវិធីចាក់វ៉ាក់សាំងសម្រាប់ប្រជាជន៣០០លាននាក់ផងដែរ បន្ថែមពីលើវ៉ាក់សាំងក្នុងស្រុកមួយប្រភេទទៀត។
ចំណែកប្រទេសជាច្រើនទាំងអ្នកក្រ និងអ្នកមានមធ្យមចាប់ពីបង់ក្លាដែស រហូតដល់ប្រេស៊ីល ពឹងផ្អែកខ្លាំងលើវ៉ាក់សាំងដែលផលិតដោយវិទ្យាស្ថាន Serum ។ ប្រទេសលោកខាងលិចមានកាណាដា ក៏បញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុននេះដែរ។ នាយកប្រតិបត្តិរូបនេះ សន្យាដល់វ៉ាក់សាំងឱ្យកាណាដានៅខែក្រោយ។ ខណៈដែលនិយ័តករឱសថអង់គ្លេស ក៏កំពុងវាយតម្លៃវ៉ាក់សាំង Covishield ដែរ ហើយក្នុងករណីផ្ដល់ការយល់ព្រម វិទ្យាស្ថាន Serum ទំនងមានបន្ទុកថែមទៀត។
ដោយឡែកខណៈតម្រូវការច្រើនជាងការផ្គត់ផ្គង់ រដ្ឋាភិបាលនាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី ក៏រងការរិះគន់មិនតិចដែរទាក់ទងការចាប់ផ្ដើមយឺតយ៉ាវនៃកម្មវិធីផ្ដល់វ៉ាក់សាំង។ អាជ្ញាធរឥណ្ឌា គ្រោងពង្រីកកម្មវិធីវ៉ាក់សាំងរបស់ខ្លួនថែមទៀតនៅពេលខាងមុខ។ ឥណ្ឌាមានអ្នកឆ្លងច្រើនជាង១០លាននាក់ តាមពីក្រោយអាមេរិក។
គួរបញ្ជាក់ថា វ៉ាក់សាំង ក្លាយជាឧបករណ៍ការទូតមួយសម្រាប់ទីក្រុងញូវដែលី ដែលបានប្រជែងជាមួយចិនក្នុងការផ្ដល់វ៉ាក់សាំងឱ្យប្រទេសក្រីក្រជាច្រើន។ នៅអាស៊ីខាងត្បូង ឥណ្ឌា បានដឹកវ៉ាក់សាំងឱ្យម៉ាល់ឌីវ ស្រីលង្កា និងប៊ូតង់ជាដើម ដែលសុទ្ធសឹងជាទីតាំងប្រកួតប្រជែងភូមិសាស្ត្រនយោបាយជាមួយក្រុងប៉េកាំង៕ដោយ៖ស តារា
រូបភាព៖លោក Adar Poonawall នាយកប្រតិបត្តិវិទ្យាស្ថាន Serum
លោក Adar Poonawall និងលោកនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី