សម្តេចអគ្គមហាពញាចក្រី ហេង សំរិន : សូមបងប្អូនជនរួមជាតិបន្តការប្រុងប្រយ័ត្នខ្ពស់ចូលរួមទប់ស្កាត់ការរីករាលដាននៃជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសយើងបានប្រឈមការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ជាថ្មី ពិសេស នៅតាមរាជធានី ខេត្តមួយចំនួន ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងបណ្តារ ខេត្តជាប់ព្រំដែនប្រទេសជិតខាង។ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការនានាដែលរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានដាក់ចេញ សំដៅការពារ និងបញ្ចៀសឱ្យផុតពីការឆ្លងរាលដាលកាន់តែធំឡើង ហើយដែលអាចបង្ករគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដល់សុខភាពសាធារណ សេដ្ឋកិច្ច និងសង្គម នៃប្រទេសរបស់យើង។

ជាមួយគ្នានេះ ខ្ញុំសូមអំពាវដល់ប្រជាពលរដ្ឋដែលបានដឹងថាខ្លួនបានជាប់ពាក់ព័ន្ធនឹងករណីព្រឹត្តិការណ៍២០កុម្ភៈ សូមសហការជាមួយអាជ្ញារធរពាក់ព័ន្ធដោយចេញមកធ្វើតេស្តនិងចត្តាឡីស័ក ដើម្បីទប់ស្កាត់កុំឲ្យបញ្ហានេះកាន់តែរីកធំឡើង ដែលជាលទ្ធផលគ្មាននរណាក្រៅពីសមាជិកគ្រួសារយើង បងប្អូនយើង និងសង្គមជាតិទេ ដែលអាចនឹងរងការខូចខាតដោយសារជំងឺកូវីដ-១៩នេះ។

ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំក៍សូមលើកទឹកចិត្តដល់សមាជិក សមាជិការដ្ឋសភាទំាងអស់ សូមចុះជាប់ជាមួយប្រជាពលរដ្ឋនិងមានកិច្ចសហការល្អជាមួយអាជ្ញាធរ ដើម្បីអប់រំ ផ្សព្វផ្សាយ បន្ថែមដល់ពលរដ្ឋអំពីជំងឺកូវីដ-១៩ និងអំពីវិធានការការពារ ជាពិសេសត្រូវត្រៀមលក្ខណៈអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ជួយដល់ប្រជាពលរដ្ឋយើងនៅទូទំាងប្រទេសក្នុងគ្រាលំបាកនេះ។
សូមជនរួមជាតិ បានសមប្រកបតែពុទ្ធពរទំាង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កម្បីឃ្លៀងឃ្លាតឡើយ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print