ខេត្តស្វាយរៀងះ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយ ខណៈដែលបុរសម្នាក់បើកគោយន្តដឹកទឹកកថយក្រោយមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងបើកបុកយ៉ាងពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣១និង១៣២ ស្ថិតក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសដែលស្លាប់ឈ្មោះតុប សោមនោ អាយុប្រមាណជាង៣០ឆ្នាំ ចំណែកទីលំនៅមិនទាន់ស្គាល់នៅឡើយ ព្រោះជនរងគ្រោះមិនមានដាក់អត្តសញ្ញាណប័ណ្ណតាមខ្លួននោះទេ។
រីឯអ្នកបើកគោយន្តត្រូវបានស្គាល់ឈ្មោះ ទុំ យ៉ុង អាយុ៣៤ឆ្នាំ មុខរបរលក់ទឹកកក ជនជាតិខ្មែរ រស់នៅភូមិគ្រញូង ឃុំរមាំងថ្កោល ស្រុក ស្វាយទាប ខេត្តស្វាយរៀង ក្រោយបង្កហេតុបានរត់គេចខ្លួនភ្លាមៗ។
តាមអ្នកភូមិបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុមានបុរសម្នាក់ដែលមានមុខរបរដឹកទឹកកកបានថយគោយន្តពីត្បូងទៅជើងនៅលើផ្លូវជាតិលេខ១ ដោយខ្វះការប្រុងប្រយ័ត្ន ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកHONDA DREAM ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង១R-៩៧៤៣បើកក្នុងទិសដៅពីកើតទៅលិច បានបុកចំពាក់កណ្តាល គោយន្តពេញទំហឹងលាន់សូរដូចរន្ទះបណ្ដាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍បានមកដល់ ធ្វើកំណត់ហេតុនិងបានយកសាកសពមកតម្កល់ទុកនៅវត្តខ្ជាយដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
រីឯមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង សមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំរមាំងថ្កោលដើម្បីដោះស្រាយតាមច្បាប់៕
យឹម សុថាន