ភ្នំពេញ, នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៥នាក់ថែមទៀត ក្នុងនោះមាន៥៨នាក់ជាកណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និងអ្នកជំងឺ៧នាក់ផ្សេងទៀត គឺជាករណីនាំចូលពីក្រៅប្រទេស។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺឆ្លងក្នុងសហគមន៍ទាំង៥៨នាក់ មានជនជាតិចិនចំនួន ៤១នាក់ វៀតណាម៩នាក់ ខ្មែរ៥នាក់ កូរ៉េម្នាក់ សង្ហិបុរីម្នាក់ និងជប៉ុនម្នាក់។ ចំណែកអ្នកធ្វើដំណើរមកពីក្រៅប្រទេសហើយរកឃើញកូវីដ១៩ ចំនួន៧នាក់វិញ គឺមានជនជាតិខ្មែរម្នាក់ ដែលជាកងទ័ពមួកខៀវ និង៦នាក់ផ្សេងទៀតជាជនជាតិចិន នៅខេត្តព្រះសីហនុ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦៩៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២១៧នាក់។
នៅថ្ងៃនេះផងដែរ ក្រសួងសុខាភិបាលក៏បានប្រកាស ពីករណីព្យាបាលជាសះស្បើយអ្នកជំងឺម្នាក់ ដែលជាស្ត្រីជនជាតិខ្មែរអាយុ១៩ឆ្នាំ ដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិក។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញ យកមកប្រើប្រាស់បាន ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤៕
ដោយ, សិលា