ខេត្តស្វាយរៀង ៖ បុរសម្នាក់ដែលគេស្គាល់ថាជាយោធាត្រូវបានអ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យដោយសង្ស័័យថាគាត់ជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិត។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣ឈានចូលព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ តាមបណ្តោយកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ស្ថិតក្នុងភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះចាន់ សុធី អាយុ៣៤ឆ្នាំ ជាមន្ត្រីយោធា មានទីលំនៅភូមិថ្មី ឃុំតានូ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១G-០០៤៣ តែម្នាក់ឯងក្នុងទិសដៅពីលិចទៅកើត ដោយមិនមានពាក់មួកសុវត្ថិភាពនោះទេ ហើយបើកក្នុងល្បឿនលឿនទើបរេចង្កូតធ្លាក់ចេញពីផ្លូវថ្នល់ដួលបោកក្បាលបណ្តាលឱ្យបែកក្បាលស្លាប់បង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកសមត្ថកិច្ចបានចុះពិនិត្យកន្លែងកើតហេតុ រួចវាស់វែងនិងអូសយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង។ចំំណែកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
យឹម សុថាន