ភ្នំពេញ៖ បេីតាមការអះអាងពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ករណីភ្លេីងឆេះទីតាំងឡឥដ្ឋមួយកន្លែងនៅតំបន់ស្វាយប៉ាកម្សិលមិញនេះ ដោយសារតែកម្មករធ្វេសប្រហែសក្នុងការដុតឥដ្ឋ ឡើងកំដៅបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យរងការខូចខាតរោងប្រក់ស័ង្កសីចំនួន២ និងកម្ទេចក្រណាត់រាប់តោន។ ក្នុងហេតុការណ៍នេះ បង្កឲ្យមន្ត្រី នគរបាលបង្ការពន្លត់អគ្គិភ័យម្នាក់ឈ្មោះ អួង សុផលភេទប្រុស អាយុ៥៥ឆ្នាំ បានរងរបួសដោយសារមុតដែកគោលផងដែរ នៅពេលដែលទៅអន្តរាគមន៍បាញ់ពន្លត់។
សូមរម្លឹកថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៧ និង៤៩នាទីយប់ថ្ងៃទី២៤ខែកុម្ភៈ ស្ថិតនៅចំណុចទីតាំងឡឥដ្ឋ តាមផ្លូវលេខ១០០៣ ក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ឡឥដ្ឋដែលត្រូវភ្លើងឆេះមានឈ្មោះ កុក សាន ភេទប្រុស អាយុ ៦៧ឆ្នាំ មានទីលំនៅក្នុងសង្កាត់បឹកកេងកងទី១ ខណ្ឌបឹងកេងកង។
ប្រភពដដែល បន្តថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីក្រណាត់ដែលគរ នៅជុំវិញឡឥដ្ឋនោះ ទេីបបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងហៅខាងជំនាញចេញរថយន្តពន្លត់អគ្គិភ័យចំនួន១៣គ្រឿង ទៅជួយអន្តរាគមន៍បាញ់ពន្លត់ រហូតរលត់ទៅវិញនៅលាម៉ោង១០និង២៥នាទីយប់ថ្ងៃដដែល។ ក្នុងប្រតិបត្តិការនេះ មានរថយន្តរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះចំនួន១២គ្រឿង ប្រើប្រាស់ទឹកអស់ ៣៦ឡាន ស្មើនឹង១៦០ម៉ែត្រគូប និងរថយន្តជំនួយរបស់សាលាខណ្ឌឫស្សីកែវចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ រថយន្ត។
ដោយឡែកទំហំខូចខាតរួមមាន៖ រោងប្រមាណ៤០ម៉ែត្រគុណ១០០ម៉ែត្រ នឹងកម្ទេចក្រណាត់មួយចំនួនធំ(រាប់តោន )ត្រូវភ្លើងឆាបឆេះបណ្ដាលឲ្យរងការខូចខាត តែមិនឆេះរាលដាល់ទៅឡឥដ្ឋ និងលំនៅឋានដែលនៅក្បែរនោះឡើយ៕ដោយ៖អារុណរះ