លោកស្រី យក់ សម្បត្តិ ផ្ញើសារជាសំឡេង រំឮកថា, មេរោគកូវីដ ក៏អាចឆ្លងចូលតាមភ្នែក និងត្រចៀកដែរ ដែលចាំបាច់ត្រូវលាងដៃជាប្រចាំ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្ញើសារជាសំឡេងបញ្ជាក់ឲ្យ​ដឹងថា , “មេរោគកូវីដ-១៩ មិនមែនត្រឹមតែតាមរយៈមាត់ និងច្រមុះប៉ុណ្ណោះទេ វាថែមទាំងអាចឆ្លងចូលតាមភ្នែកនិងត្រចៀកផងដែរ ដែលចាំបាច់ត្រូវលាងដៃជាមួយសាប៊ូ និងអាកុលជាប់ជាប្រចាំ”។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានចែករំលែកនូវព័ត៌មានពីបណ្ដាប្រទេសនានា ថា ការពាក់ម៉ាស់ គឺការពារបានតែច្រមុះ និងមាត់តែប៉ុណ្ណោះ។ រីឯ”ភ្នែក និងត្រចៀក គឺមិនមានអ្វីមកគ្រប ឬពាក់បាននោះទេ។ ដូច្នេះអ្វីដែលសំខាន់បំផុត គឺត្រូវលាងដៃជាមួយសាប៊ូ និងអាកុល”។

លោកស្រីរដ្ឋលេខាធិការ យក់ សម្បត្តិ បានបន្តថា, បានលើកឡើងនូវករណី ជាក់ស្ដែងមួយនៅក្រៅប្រទេស ដែលមាន១គ្រួសារមួយ បាន​ធ្វើចត្តាឡីស័កដោយមិនចេញទៅណា និងមិនចូលរួមក្នុងចំណោមមនុស្សច្រើនផងដែរ។ ក៏ប៉ុន្តែពួកគេមិន​បានអនុ​វត្តវិធានសុខាភិបាលឲ្យបានត្រឹមត្រូវនោះឡើយ ដោយមិនសូវលាងដៃ និងមានការប៉ះពាល់គ្នាជាដើម ហើយទីបំផុត​មនុស្ស២នាក់ក្នុងគ្រួសារនោះបានស្លាប់។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់ក្រុមគ្រួសារពេទ្យ ត្រូវជួយណែនាំដល់ប្រជាពលរដ្ឋថា “ការ​លាង​ដៃ​​ជាមួយសាប៊ូ និងអាកុល ព្រមទាំងការងូតទឹកសម្អាតខ្លួនជាប្រចាំ គឺជារឿងមួយដ៏សំខាន់”។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមផ្ដល់ព័ត៌មានមួយ ដែលជាការ​ដកពិសោធន៍នៅក្នុងបណ្ដាប្រទេស នៅអន្តរជាតិផ្សេងៗ ការពាក់ម៉ាស់នេះ គឺការពារបានតែចម្រុះ ហើយនិងមាត់​ទេ ហើយដោយឡែកភ្នែក ត្រចៀក អត់មានអីគ្របបានទេ អញ្ចឹងហើយសំខាន់ គឺការលាងដៃ»។ លោកស្រីបន្ថែមថា, «មានប្រទេសមួយចំនួន គាត់ធ្វើរបាយការណ៍ព្រឹកមិញនេះ ខ្ញុំមើលបន្តផ្ទាល់នេះ គឺថា១គ្រួសារ គឺគាត់បាន Quarantineខ្លួនគាត់ត្រឹមត្រូវ គាត់មិនចេញទៅ មិនចូលរួមក្នុង​ហ្វូងមនុស្សធំៗ លើសពី១០នាក់ហ្នឹង គឺថាមានការហាមឃាត់ហ្នឹង ប៉ុន្តែការអនុវត្តរបស់គាត់​អត់បានត្រឹមត្រូវ គាត់មិនសូវលេងដៃ គាត់ប៉ះពាល់គ្នា អញ្ចឹងទីបំផុតទៅ ឥឡូវនេះឪពុកម្ដាយស្លាប់ទាំងពីរនាក់ហើយ ដូច្នេះនៅ​តែកូន កំពុងដាក់វ៉ង់ទីឡាទើនៅមន្ទីរពេទ្យ»។
សូមបញ្ជាក់ថា,  នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ចំនួន​ ៤៤នាក់​ និងមិនមានអ្នកជាសះស្បេីយឡើយ នៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១។
ក្រសួងសុខាភិបាលបានបន្តថា, ក្នងចំណោមអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៤នាក់ ក្នុងនោះមាន៤០នាក់ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និង៤នាក់ជាករណីធ្វើដំណើរមកពីក្រៅប្រទេស និងមិនមានករណីជាសះស្បើយ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១៕

 

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print