មេដឹកនាំ​កំពូលចិន៖​ ប្រកាសជ័យជំនះយ៉ាងធំធេង ក្នុងការលុបបំបាត់ភាពក្រីក្ររបស់ប្រជាជនចិន

ចែករំលែក៖

អន្តរជាតិ​៖​ ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិន លោកស៊ី ជិនភីង ក្នុងគោលនយោបាយលុបបំបាត់ភាពក្រីក្រ បន្ទាប់ពីលោកឡើងកាន់អំណាចនៅក្នុងឆ្នាំ២០១៣​ បេីគិតជារយៈពេល ៨ឆ្នាំ ប្រជាជនចិនជិត ១០០លាននាក់ ត្រូវបានរំដោះចេញពីភាពក្រីក្រ។

ជាក់ស្ដែង​នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២១​ លោក ស៊ី ជិនភីង​ បានប្រកាសជ័យជំនះយ៉ាងធំធេង ក្នុងការលុបបំបាត់ភាពក្រីក្រនៅតំបន់ជនបទ នៅក្នុងពិធីអបអរដែលធ្វើឡើងនៅមហាវិមានប្រជាជនចិន ក្នុងក្រុងប៉េកាំង។ ជាមួយគ្នានេះ លោកស៊ី ក៏បានប្តេជ្ញាជួយសង្គ្រោះប្រជាជនមិនឱ្យធ្លាក់ខ្លួនក្រវិញ ក្នុងទំហំធំជាដាច់ខាត។

បេីតាមការ​ចុះផ្សាយ​ពីកាសែតចិន បានចាត់ទុកភាពជោគជ័យនេះ គឺជាអំណោយមុនខួបនៃការបង្កើតបក្សកុម្មុយនីស្តចិន។ ថ្លែងក្នុងវិមានប្រជាជន ប្រមុខរដ្ឋចិន បានលើកឡើងថា ចិនបានបង្កើតឧទាហរណ៍មួយនៃការកាត់បន្ថយភាពក្រីក្រ និងបានចូលរួមយ៉ាងខ្លាំង ក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងពិភពលោក។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua​ បាននិយាយថា​ លោក ស៊ី​ ជិនភីង​ បានប្តេជ្ញាថា៖«ការលុបបំបាត់ភាពក្រីក្រនៅតំបន់ជនបទ ជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចគោលដៅកសាងវិបុលភាពសង្គម»។ លោក ស៊ីបានលើកឡើងទៀតថា ចិន នឹងជួយប្រជាជនខ្លួនបន្ថែមទៀត ដើម្បីការពារមិនឱ្យប្រជាជនធ្លាក់ខ្លួនក្រឡើងវិញ។

លោកស៊ី បានសង្កត់ធ្ងន់ថា​ ដ្បិតទទួលបានជោគជ័យលើការរំដោះប្រជាជន៩៨,៩៩លាននាក់ឱ្យផុតពីភាពក្រីក្រយ៉ាងណាក្តី ប៉ុន្តែ​ការលុបបំបាត់ភាពក្រីក្រមិនមែនជាចំណុចបញ្ចប់ឡើយ ព្រោះ​វាគ្រាន់តែជាការចាប់ផ្តើមជីវិតថ្មី, ហេីយ​ការប្រឹងប្រែងថ្មី និងជំរុញការខិតខំបន្ថែមដើម្បីរក្សាការអភិវឌ្ឍនៅតំបន់ជនបទ។

សូមជម្រាបថា​ ចិន​ ក្នុងរយៈពេល ៨ឆ្នាំកន្លងមកនេះ​ បានវិនិយោគជិត ២៤៦ពាន់លានដុល្លារ ក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស។ មិនតែប៉ុណ្ណោះ ចិនបានអភិវឌ្ឍផ្លូវ ទឹក ភ្លើង សេវាអ៊ីនធឺណិត ដែលគ្របដណ្តប់លើភូមិក្រីក្រចំនួន ៩៨ភាគរយ ចាប់តាំងពីឆ្នាំ២០១២ មក។ បន្ថែមពីលើនេះ យុទ្ធសាស្រ្តអភិវឌ្ឍតំបន់ជនបទ ត្រូវបានស្នើដាក់បញ្ជូលជាគោលនយោបាយទំនើបកម្មសេដ្ឋកិច្ច ក្នុងអំឡុងពេលសមាជបក្សកុម្មុយនីស្តចិនលើកទី ១៩ ឆ្នាំ២០១៧។

គួរបញ្ជាក់ថា​ ចិន ថ្មីៗនេះ បានដាក់ចេញ «ឯកសារគោលនយោបាយទីមួយ» សម្រាប់ឆ្នាំ២០២១ ផងដែរ ដែលផ្តោតសំខាន់លើកិច្ចខិតខំ និងការប្រឹងប្រែងអភិវឌ្ឍនៅតំបន់ជនបទ និងពន្លឿនទំនើបភាវូបនីយកម្មលើវិស័យកសិកម្ម និងតំបន់ជនបទ៕ដោយ៖ស​ តារា​

...

រូបភាព​៖ Xinhua

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print