ខេត្តកំពង់ចាម, នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្រុងកំពង់ចាម ពិសេសបងប្អូនអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម អំពីករណីមន្ត្រី សុខាភិបាលនៃរដ្ឋបាលខេត្ត ចុះនាំជនជាតិចិន និងកម្មករខ្មែរដែលកំពុងសាងសង់សំណង់នៅ មជ្ឈមណ្ឌល ពាណិជ្ជកម្មវឌ្ឍនៈនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម មកពិនិត្យសុខភាព និងយកសំណាករកវីរុសកូវីដ-១៩។ ដើម្បីជៀសវាងនូវការយល់ច្រឡំ ឬបកស្រាយខុសទាក់ទងនឹងហេតុការណ៍នេះ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារមានការសង្ស័យទៅលើជនជាតិចិន ០៨នាក់ ដែលទើបនឹងត្រឡប់មកពីភ្នំពេញ ហើយមាន
ប្រវត្តិធ្លាប់ចេញ-ចូល នៅរាជធានីភ្នំពេញ ជាមួយគ្នានេះ តាមការសាកសួររបស់មន្ត្រីសុខាភិបាលទៅលើជនជាតិចិនទាំង ០៨រូបនោះ ពួកគាត់បានផ្តល់ព័ត៌មានមិនច្បាស់លាស់។
ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងដើម្បីបង្ការ ការពារការចម្លងនៃវីរុសកូវីដ-១៩។ រដ្ឋបាលខេត្តកំពង់ចាម បានណែនាំឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នាំជនជាតិចិន ២១នាក់ និងកម្មករសំណង់ខ្មែរ ៣៤នាក់ (សរុប ៥៥នាក់ ) ដែលកំពុងសាងសង់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ ក្រុងកំពង់ចាម យកមកដាក់នៅដាច់ដោយឡែក ក្នុងមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ដើម្បីពិនិត្យ សុខភាព និងយកសំណាក ក្នុងការធានាបាននូវសុវត្ថិភាព និងកាត់ផ្តាច់ខ្សែចម្លងចូលក្នុងសហគមន៍។ សូមបញ្ជាក់ថា នៅពេលដែលរដ្ឋបាលខេត្តកំពង់ចាម ទទួលបានលទ្ធផលដែលបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ថាមិនមានករណីវិជ្ជមានកូវីដ-១៩ រដ្ឋបាលខេត្តនឹងអនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅបំពេញ ការងារតាមធម្មតាវិញ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន បងប្អូនប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម និងបងប្អូនអ្នកនិយមប្រើប្រាស់បណ្តាញសង្គម សូមមេត្តាជ្រាបជាព័ត៌មាន និងសូមកុំមានការយល់ច្រឡំថាមានករណីនៃជំងឺកូវីដ-១៩ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ ក្រុងកំពង់ចាម៕