អន្តរជាតិ៖ បើតាមការផ្សាយរបស់ទូរទស្សន៍មីយ៉ាន់ម៉ា MRTV នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បាននិយាយថា លោក Kyaw Moe Tun តំណាងរបស់មីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ ក្រោយមួយថ្ងៃ លោករិះគន់ជាសាធារណៈរឿងរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិល និងស្នើឱ្យអន្តរជាតិចាត់វិធានការ។ មិនតែប៉ុណ្ណោះលោក Kyaw Moe Tun ប្ដេជ្ញាតស៊ូដល់ទីបញ្ចប់។ ប៉ុន្តែការរិះគន់របបសឹកនេះ អគ្គរដ្ឋទូតប្រចាំ UN ត្រូវបានបញ្ចប់តំណែងហើយ។
ជាក់ស្ដែងនៅថ្ងៃទី២៧ ខែកុម្ភៈ ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV ផ្សាយថា លោក Kyaw Moe Tun ត្រូវបានបណ្ដេញចេញពីតំណែងព្រោះបានក្បត់ប្រទេស។ បើតាមខ្លឹមសារក្នុងការផ្សាយដដែល លោក Kyaw Moe Tun មិនស្ដាប់តាមការណែនាំរបស់រដ្ឋ ដែលការណ៍នេះតម្រូវឱ្យបញ្ចប់តំណែងរបស់លោកតែម្ដង។
លោក Kyaw Moe Tun ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «ខ្ញុំសម្រេចចិត្តតស៊ូតាមតែអាចធ្វើបាន។» បេីទោះបីជាត្រូវរដ្ឋាភិបាលយោធាបញ្ចប់តំណែងព្រោះមិនគោរពបញ្ជាក្ដី អ្នកការទូតរូបនេះនៅតែប្ដេជ្ញាចិត្តធ្វើការដើម្បីស្ដារឡើងវិញប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់លោក។
ចំណែក លោក Stephane Dujarric អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយថា អង្គការសហប្រជាជាតិ មិនទាន់ទទួលបានការជូនដំណឹងពីការផ្លាស់ប្ដូរអ្នកតំណាងរបស់មីយ៉ាន់ម៉ាប្រចាំទីស្នាក់នៅញូវយ៉កឡើយ។ ដោយសារអង្គការសហប្រជាជាតិមិនទទួលស្គាល់រដ្ឋាភិបាលយោធា ហើយក៏ទាន់ទទួលបានលិខិតជូនដំណឹងអ្វីនោះ លោក Kyaw Moe Tun នឹងនៅតែជាតំណាងរបស់មីយ៉ាន់ម៉ាសិនក្នុងពេលនេះ។
គួររម្លឹកថា ប្រេសិតពិសេសសម្រាប់កិច្ចការមីយ៉ាន់ម៉ា លោកស្រី Christine Schraner Burgener នាកិច្ចប្រជុំថ្ងៃទី២៦ ខែកុម្ភៈថ្មីៗនេះ បានទទូចឱ្យរដ្ឋសមាជិកទាំង១៩៣ កុំទទួលស្គាល់រដ្ឋាភិបាលសឹកនៅមីយ៉ាន់ម៉ាឱ្យសោះ។ ប៉ុន្តែក្នុងករណីរដ្ឋាភិបាលយោធាចាត់តាំងតំណាងថ្មីដើម្បីស្វែងរកការទទួលស្គាល់ជាអន្តរជាតិ នោះបញ្ហានឹងកើតឡើងថា អង្គការសហប្រជាជាតិត្រូវជ្រើសរើសតំណាងណាមួយ។ ការសម្រេចចិត្តនឹងត្រូវធ្វើឡើងតាមការបោះឆ្នោតដោយមហាសន្និបាត។
គួរបញ្ជាក់ថា រឿងបែបនេះ មិនមែនមិនធ្លាប់កើតឡើយ។ នៅឆ្នាំ២០១១ មហាសន្និបាត សម្រេចចិត្តទទួលស្គាល់តំណាងរបស់រដ្ឋាភិបាលបណ្ដោះអាសន្ននៅលីប៊ី។ ការទទួលស្គាល់នេះ ធ្វើឡើងក្រោយមហាអំណាចអាមេរិក រុស្ស៊ី ចិន និងប្រទេសអឺរ៉ុបទទួលស្គាល់រដ្ឋាភិបាលថ្មីដែរ។ ដូចនេះ ករណីមីយ៉ាន់ម៉ា ក៏ទំនងត្រូវការភ្លើងបៃតងពីមហាអំណាចដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខសិនដែរ៕ដោយ៖ស តារា
រូបថត៖ លោក Kyaw Moe Tun តំណាងរបស់មីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ