នៅថ្ងៃទី០២ មីនាខាងមុខនេះ​! ក្រសួងសុខាភិបាលកម្ពុជា ប្រកាសទទួលយកវ៉ាក់សាំងកូវីដ១៩ AstraZeneca ៣២៤,០០០ដូស

ចែករំលែក៖

ភ្នំពេញ​៖ បេីយោង​តាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា កម្ពុជា​ នឹងទទួលបានវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន ៣២៤,០០០ដូស នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ ដោយ​ក្នុងសេចក្តីប្រកាសព័ត៌មាននេះ​ បានបញ្ជាក់ថា វេលាម៉ោង ៧៖៥០នាទីយប់​ វ៉ាក់សាំងនេះ នឹងដឹកមកដល់ប្រទេសកម្ពុជា។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា ដោយមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និងអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅពេលវ៉ាក់សាំងនេះមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ ដោយមានការប្រគល់ពីសំណាក់ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី Ms. Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ដែលពិធីនេះ ក៏នឹងមានវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងយូនីសេហ្វផងដែរ។

ជាមួយគ្នានេះ​ ក្រសួងសុខាភិបាល​ ក៏បានអះអាងថា វ៉ាក់សាំងដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ គឺជាចំនួនវ៉ាក់សាំងជាលើកដំបូង ដែលផ្តល់ជាជំនួយឱ្យប្រទេសកម្ពុជាពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ហើយវ៉ាក់សាំងក្នុងបរិមាណដទៃទៀត នឹងបន្តដឹកជញ្ជូនមកកម្ពុជាជាបន្តបន្ទាប់នៅពេលក្រោយទៀតជាដំណាក់ៗនៅក្នុងឆ្នាំ២០២១នេះ។

សូមជម្រាបថា​ មជ្ឈមណ្ឌលកូរ៉ាក់ (COVAX Facility) គឺជាកិច្ចខិតខំប្រឹងប្រែងសកលដែលពុំធ្លាប់មានពីមុនមក ដើម្បីជួយសម្របសម្រួលផ្តល់ឱ្យប្រទេសទាំងអស់នៅក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មិនតែប៉ុណ្ណោះ​មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដឹកនាំដោយអង្គការ GAVI, CEPI, និងអង្គការសុខភាពពិភពលោក (WHO) ក្នុងភាពជាដៃគូជាមួយនឹងអង្គការយូនីសេហ្វ (UNICEF)។

ក្រសួងសុខាភិបាល​ ក៏បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយដែលស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នេះ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print