ភ្នំពេញ៖ បេីយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន ៣២៤,០០០ដូស នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ ដោយក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ថា វេលាម៉ោង ៧៖៥០នាទីយប់ វ៉ាក់សាំងនេះ នឹងដឹកមកដល់ប្រទេសកម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា ដោយមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និងអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅពេលវ៉ាក់សាំងនេះមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ ដោយមានការប្រគល់ពីសំណាក់ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី Ms. Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ដែលពិធីនេះ ក៏នឹងមានវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងយូនីសេហ្វផងដែរ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានអះអាងថា វ៉ាក់សាំងដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ គឺជាចំនួនវ៉ាក់សាំងជាលើកដំបូង ដែលផ្តល់ជាជំនួយឱ្យប្រទេសកម្ពុជាពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ហើយវ៉ាក់សាំងក្នុងបរិមាណដទៃទៀត នឹងបន្តដឹកជញ្ជូនមកកម្ពុជាជាបន្តបន្ទាប់នៅពេលក្រោយទៀតជាដំណាក់ៗនៅក្នុងឆ្នាំ២០២១នេះ។
សូមជម្រាបថា មជ្ឈមណ្ឌលកូរ៉ាក់ (COVAX Facility) គឺជាកិច្ចខិតខំប្រឹងប្រែងសកលដែលពុំធ្លាប់មានពីមុនមក ដើម្បីជួយសម្របសម្រួលផ្តល់ឱ្យប្រទេសទាំងអស់នៅក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មិនតែប៉ុណ្ណោះមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដឹកនាំដោយអង្គការ GAVI, CEPI, និងអង្គការសុខភាពពិភពលោក (WHO) ក្នុងភាពជាដៃគូជាមួយនឹងអង្គការយូនីសេហ្វ (UNICEF)។
ក្រសួងសុខាភិបាល ក៏បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយដែលស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នេះ៕ដោយ៖ស តារា