ខេត្តឧត្តរមានជ័យ៖ សត្វជ្រូកជាច្រេីនដែលនាំចូលពីប្រទេសថៃ តាមច្រកព្រំដែនអន្តរចាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានមន្រ្តីជំនាញអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំក្រុមការងារ រួមនិងមន្ត្រីជំនាញពាក់ព័ន្ធ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចុះពិនិត្យផលសត្វមួយចំនួន ជាពិសេសសត្វជ្រូករកឃើញមានជំងឺប៉េស្តជ្រូកអាហ្វ្រិកលើជ្រូកនាំចូលពីថៃ។
បេីតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា ក្នុងដំណើរចុះពិនិត្យធ្វើឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដេីម្បីចុះពង្រឹងការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលសត្វ (ពិសេសការនាំចូលសត្វជ្រូក ពីប្រទេសថៃ) តាមច្រកព្រំដែនច្រកអូរស្មាច់នេះ ដើម្បីបង្ការការពារទប់ស្កាត់ជាមុននូវការផ្ទុះរីករាលដាលជំងឺផ្សេងៗ លើពពួកសត្វនាំចូលក្នុងស្រុក។ មន្រ្តីជំនាញ បន្ថែមថា ការចុះត្រួតពិនិត្យសុខភាពសត្វនេះ បានប្រើម៉ាស៊ីនវិភាគចល័ត។ បើក្នុងករណីមានការសង្ស័យ ម៉ាស៊ីនវិភាគរកឃើញ និងធ្វើការចាប់ដុតកម្ទេចចោលភ្លាមៗតែម្តង។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានដឹកនាំក្រុមការងារ ចុះត្រូតពិនិត្យសុខភាពសត្វជ្រូក នៅតាមទីតាំងស្តុកសត្វជ្រូកមួយចំនួន ក្នុងភូមិសាស្ត្រខេត្តនេះ ប៉ុន្តែមិនរកឃើញសត្វជ្រូក ដែលស្តុកទុកនោះមានជំងឺអ្វីនោះទេ។
មន្ត្រីជំនាញ បានគូសបញ្ជាក់ថាថា បច្ចុប្បន្ននេះទោះបីនៅប្រទេសថៃ មិនមានការផ្សព្វផ្សាយព័ត៌មាន ពីការផ្ទុះជំងឺលើសត្វជ្រូកក៏ដោយ តែថ្មីៗនេះ អគ្គនាយកដ្ឋានសុខភាពសត្វ បានចុះត្រួតពិនិត្យ សត្វជ្រូក ដែលនាំចូលពីប្រទេសថៃដែរនោះ បានរកឃើញមួយករណី នៅខេត្តបន្ទាយជ័យ គឺជំងឺប៉េស្តជ្រូកអាហ្វ្រិច និងបានចាប់ដុតកប់កម្ទេចចោលភ្លាមៗ។
មិនតែប៉ុណ្ណោះ មន្រ្តីជំនាញរូបនេះ ក៏បានជំរុញដល់អាជីវករ ដែលមានសិទ្ធិនាំចូលផលិតកម្មសត្វ ពោលគឺសត្វជ្រូកពីប្រទេសថៃ ចូលតាមច្រកនៅព្រំដែន ត្រូវធ្វើការត្រួតពិនិត្យលើសុខភាពសត្វ ឲ្យបានច្បាស់លាស់ មុននឹងដឹកចេញទៅចែកចាយបន្ត តាមតំបន់នានានៅក្នុងស្រុក៕ដោយ៖សហការី