ភ្នំពេញ, ក្នុងជំនួបពិភាក្សាការងារជាមួយលេខាទី១នៃស្ថានទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោកស្រី សារ៉ា វ៉ាដលី នៅព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសង្គមកិច្ច លោករដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានសវាគមន៍ចំពោះការផ្តល់ធាតុចូលរបស់គណៈកម្មាធិការសិទ្ធិមនុស្សនៃរដ្ឋាភិបាលអូស្រ្តាលី និងស្ថាប័នDID (Disability Inclusive Development Helpdesk) ដើម្បីឱ្យសេចក្តីព្រាងច្បាប់ថ្មីសម្រាប់វិស័យពិការភាពមានភាពស៊ីសង្វាក់គ្នាទៅនឹងអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព។
រដ្ឋលេខាធិការសង្គមកិច្ច លោក ឯម ច័ន្ទមករា បានចាត់ទុកការផ្តល់ធាតុចូលរបស់គណៈកម្មាធិការសិទ្ធិមនុស្សនៃរដ្ឋាភិបាលអូស្រ្តាលី លើកសេចក្តីព្រាងច្បាប់ថ្មីនៃវិស័យពិការភាពនេះ គឺជាការចូលរួមចំណែកមួយដ៏សំខាន់ ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះមានធាតុចូលគ្រប់ជ្រុងជ្រោយ ដែលនឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនឡើងដល់ជនមានពិការភាពនៅកម្ពុជា។
លោកស្រី សារ៉ា វ៉ាដលី លេខាទី១នៃស្ថានទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានធ្វើការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពថ្មីៗនៃវិស័យពិការភាពដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន។ លេខាទូតទី ១ លោកស្រី សារ៉ា បានបង្ហាញជំហរថារដ្ឋាភិបាលអូស្ត្រាលីនឹងបន្តជួយដល់គម្រោងលើកកម្ពស់សិទ្ធិជនមានពិការភាពនៅកម្ពុជារយៈពេល ២ឆ្នាំបន្តទៀតពីខែកក្កដា ឆ្នាំ២០២១- ខែមិថុនា ឆ្នាំ២០២៣
លោកស្រី សារ៉ា លេខាទី១ បានបញ្ជាក់ទៀតថា គណៈកម្មាធិការសិទ្ធិមនុស្សនៃរដ្ឋាភិបាលអូស្រ្តាលី តាមរយៈស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា រីករាយបន្តគាំទ្រដល់ការអនុវត្តច្បាប់ថ្មីនេនៅពេលអនាគត។
លោកស្រី សារ៉ា វ៉ាដលី បានគូសបញ្ជាក់បន្ថែមអំពីការគាំទ្ររបស់រដ្ឋាភិបាលអូស្រ្តាលី ដល់ព្រះរាជាណាចក្រកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ដែលគិតជាទឹកប្រាក់សរុប ចំនួន២៧លាន ជាដុល្លាអាមេរិក។
រដ្ឋលេខាធិការសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានកោតសរសើរដល់ការគាំទ្រដោយផ្ទាល់ពីស្ថានទូតអូស្រ្តាលី តាមរយៈកម្មវិធីACCESS ដល់វិស័យពិការភាពនៅកម្ពុជា។ លោក ឯម ច័ន្ទមករា បានបញ្ជាក់ទៀតថាក្នុងជាអ្នកទទួលបន្ទុកក្នុងវិស័យពិការភាពនៅកម្ពុជា លោកសូមស្វាគមន៍ចំពោះអនុសាសន៍បន្ថែមទៀត ដើម្បីពង្រឹងវិស័យពិការភាពកាន់តែមានភាពប្រសើរឡើង។
គួរបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់ថ្មីស្តីពីកិច្ចគាំពារជនមានពិការភាព គឺជាច្បាប់ពិសេសមួយទៀតក្នុងវិស័យពិការភាពត្រូវបានបើកឱ្យមានការផ្តល់មតិយោបល់យ៉ាងទូលាយគ្រប់កម្រិតទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ពិសេសការចូលរួមផ្តល់មតិធាតុចូលពីសំណាក់ជនមានពិការភាពផងដែរ៕
ដោយ, សុខ ខេមរា