ដើម្បីស្វែងរកដំណោះស្រាយរឿងបញ្ហានៅមីយ៉ាន់ម៉ា​ បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រៀមរៀបចំកិច្ចប្រជុំពិសេសមួយ

ចែករំលែក៖

អន្តរជាតិ​៖ ដើម្បីស្វែងរកដំណោះស្រាយ ឈានទៅបិទបញ្ចប់វិបត្តិនយោបាយ និងអំពើហិង្សាដែលកំពុងកើនឡើងជាលំដាប់ ក្រោយកើតមានព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ដែលត្រូវបានអន្តរជាតិចាត់ទុកថា ជារដ្ឋប្រហារយោធាមីយ៉ាន់ម៉ានោះ​ នៅថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១នេះ​ បណ្តារដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិកអាស៊ាន បានត្រៀមរៀបចំកិច្ចប្រជុំពិសេសមួយ ជាមួយរដ្ឋាភិបាលយោធា។

ជាក់ស្ដែង​តាមរយៈវីដេអូខុនហ្វ្រិន​ ក្នុង​កិច្ចប្រជុំពិសេសនេះ​ ដែលនឹងប្រពឹ្រត្តទៅដោយសារតែ COVID-19 កើតមានឡើងតែ ០២ថ្ងៃប៉ុណ្ណោះ ក្រោយពីមានសេចក្តីរាយការណ៍ពីការិយាល័យសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UN) ថា៖ មនុស្សសរុប ១៨នាក់ហើយ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នា រវាងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា និងក្រុមបាតុករ ដែលកំពុងធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ និងទាមទារឱ្យដោះលែងលោកស្រី អោង សាន ស៊ូ ជី និងថ្នាក់ដឹកនាំជាន់ខ្ពស់នានានៃរដ្ឋាភិបាលមុន ដែលកំពុងជាប់ឃុំ ឱ្យមានសេរីភាពឡើងវិញ។

សូមជម្រាបថា​ អាស៊ានដែលប្រកាន់ភ្ជាប់នូវគោលការណ៍ «មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង» នៃបណ្ដាប្រទេសជាសមាជិក ធ្លាប់បានជំរុញជាច្រើនលើកឱ្យមានកិច្ចសន្ទនារវាងលោកស្រី ស៊ូ ជី និងរដ្ឋាភិបាលយោធា សំដៅរកដំណោះស្រាយនយោបាយមួយ ដើម្បីបិទបញ្ចប់វិបត្តិសព្វថ្ងៃ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែទោះជាយ៉ាងណា អ្នកជំនាញមួយចំនួនយល់ថា ការអំពាវនាវដោយមិនមានការដាក់សម្ពាធ ពីប្លុកអាស៊ីអាគ្នេយ៍មួយនេះ ទំនងជាមិនអាចបញ្ចុះបញ្ចូលឱ្យយោធាមីយ៉ាន់ម៉ា ព្រមបកក្រោយវិញនោះឡើយ។

គួរបញ្ជាក់ថា​ បច្ចុប្បន្នអគ្គមេបញ្ជាការយោធា​លោក​ មីន អោង ហ្លេង ដែលកំពុងគ្រប់គ្រងអំណាចរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅតែអះអាងដដែលថា ខ្លួនប្តេជ្ញានឹងរៀបចំការបោះឆ្នោតឡើងវិញ ហើយប្រគល់អំណាចដល់គណបក្សណា ដែលបានឈ្នះឆ្នោតយ៉ាងពិតប្រាកដ។ ប៉ុន្តែសម្រាប់កាលបរិច្ឆេទពិតប្រាកដ នៃការរៀបចំតាមការសន្យានេះ នៅមិនទាន់មានការបញ្ជាក់នៅឡើយ ខណៈការដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រូវបានសម្រេចអនុវត្តរយៈពេល ០១ឆ្នាំ គិតចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print