នគរបាលការពារព្រំដែនគោកលេខ៧៩៥ ដែលបានរងគ្រោះដោយសារជាន់មីនបណ្តាលដាច់ជើងទាំងពីរ​ បានទទួលអំណោយសម្រាលការលំបាកជាលេីកទី៣​ ពី​កាកបាទក្រហមកម្ពុជា​ …!!

ចែករំលែក៖

ខេត្តព្រះវិហារ, នៅថ្ងៃអង្គារ​ ទី​ ២​ ខែមីនា​ ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខជាលេីកទី៣​ ព្រមទាំងនាំយកគ្រឿងបរិភោគមួយចំនួន និងថវិកាចំនួន ៥លានរៀល ផ្តល់ជូន លោកអនុសេនីយ៍ឯក នួន ធឿន នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥ ដែលបានរងគ្រោះដោយសារជាន់មីនបណ្តាលដាច់ជើងទាំងពីរ កាលពីថ្ងៃទី​ ១៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ បច្ចុប្បន្នកំពុងសម្រាកនៅគេហដ្ឋានជាមួយម្តាយចាស់​ និងកូន​ទាំង ៣នាក់​ (ទារកទេីបសម្រាលម្នាក់)​ នៅភូមិព្រៃបាំង​ ឃុំស៊ីធរ​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល។

នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ​ និងចូលរួមសោកស្តាយចំពោះឧប្បទ្ទវហេតុដែលបានកើតឡើង។ ជាមួយគ្នានេះ លោកស្រី បានផ្តាំផ្ញើសូមថែទាំសុខភាពឱ្យបានល្អ និងមានស្មារតីរឹងប៉ឹងក្នុងការទ្រទ្រង់ជីវភាពគ្រួសារ​ ជាពិសេសសូមអនុវត្ត​ ៣ការពារ​ ៣កុំ​ ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ក្រុមគ្រួសារអ្នករងគ្រោះ​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានគិតគូរ​ លេីកទឹកចិត្ត​ និងជួយសម្រាលការលំបាកជាបន្តបន្ទាប់។

សូមបញ្ជាក់ថា នេះជាលើកទី៣ ដែលកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមកផ្តល់ជូនគ្រួសារជនរងគ្រោះដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ ដែលអំណោយរួមមាន​ ៖​ អង្ករ​ ៥០គីឡូក្រាម​,​ មី​ ២កេស,​ ត្រីខ​ ២០កំប៉ុង​,​ ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​)​ ១កញ្ចប់​ និងថវិកា​ ៥លានរៀល​។ ដោយឡែក​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកណ្តាល​ បានឧបត្ថម្ភរទេះរុញសម្រាប់ជនមានពិការភាព​ ១គ្រឿង​ និងសន្យាសាងសង់ផ្ទះជូន​ ១ខ្នងផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print