លោក​ ហ៊ុន​ ម៉ានី​ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ សូមចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ​ ៣មីនា លើកទី២៣ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ»

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ ប្រធាន​គណៈកម្មការ​រដ្ឋសភាទទួលបន្ទុក អប់រំ យុវជន កីឡា ទេសចរណ៍ ធម្មការ កិច្ចការសាសនា​ និង វប្បធម៌​ បានសរសេរ​បង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅរសៀលថ្ងៃពុធ​ទី៣​ ខែមីនា​ ឆ្នាំ​២០២១នេះ​ថា៖​ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ លោកសូមចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ។

ទោះបីជាកាលៈទេសៈនេះយើងមិនអាចប្រារព្ធពិធីនានាក្នុងសហគមន៍បាន តែតាមរយៈស្មារតីនៃភាពជាខ្មែរ (Cambodianess) របស់យើងម្នាក់ៗដែលតែងតែមាន បានជំរុញឲ្យខ្មែរម្នាក់ៗប្រារព្ធ និងអបអរសាទរទិវាវប្បធម៌នាថ្ងៃនេះ រៀងៗខ្លួន ដើម្បីឧទ្ទិសដល់សាវតាដ៏រុងរឿងគួរជាទីស្ញប់ស្ញែងនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសប្រកបដោយវប្បធម៌ អរិយធម៌សម្បូរបែបក្នុងតំបន់អាស៊ី និងលើពិភពលោក។

កន្លងមកនេះ យុវជនកម្ពុជា ជាពិសេសក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការថែរក្សា ប្រណិប័តន៍យ៉ាងខ្ជាប់ខ្ជួននូវ វប្បធម៌ ប្រពៃណី និងឈានដល់ការបង្ហាញភាពអស្ចារ្យនានានៃវប្បធម៌ខ្មែរលើឆាកអន្តរជាតិ តាមរយៈការរៀបចំ និងគាំទ្រកម្មវិធីនានាដូចជា៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ (នៅប្រទេសសិង្ហបុរី) ការសម្តែងរឿងព្រះវេសន្តជាតក ការនាំត្រឡប់មកវិញនូវគ្រឿងអលង្កាបុរាណខ្មែរ ព្រឹត្តិការណ៍បំបែកកំណត់ត្រាជាតិ និងពិភពលោក ព្រមទាំងការបង្ហាញសមត្ថភាពផ្សេងៗរបស់យុវជនស.ស.យ.ក.យើងជាច្រើនបែប ច្រើនសណ្ឋានក្នុងកម្មវិធីជាតិ និងអន្តរជាតិ។

ទឹកចិត្តនៃការចូលរួមទាំងអស់បានបង្ហាញពីក្តីស្រឡាញ់ ស្មារតីស្នេហាជាតិ ស្នេហាវប្បធម៌ជាតិ ដែលរួមចំណែកដល់ការអភិរក្ស ការផ្សព្វផ្សាយ និងលើកស្ទួយតម្លៃវប្បធម៌ជាតិ ក៏ដូចជាសុខដុមនីយកម្មនៃប្រជាជាតិកម្ពុជា។ ជាមួយការចូលរួមអបអរសាទរនៅថ្ងៃនេះ ខ្ញុំក៏សូមលើកទឹកចិត្តដល់យុវជនទាំងអស់បន្តថែរក្សាអត្តសញ្ញាណ និងស្នាដៃបុព្វបុរស ហើយឈានដល់ការច្នៃប្រឌិតថ្មី ដើម្បីពង្រីកសេដ្ឋកិច្ចវប្បធម៌ជាតិឲ្យកាន់តែលេចធ្លោ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print