សមត្ថកិច្ចជំនាញ​ ចុះបង្រ្កាប​ទីតាំង​​មជ្ឈមណ្ឌលកែសម្ផស្ស​ចំនួន​២កន្លែង​ ដែល​លួចលាក់​​បើក​​បម្រើ​សេ​វា​កែ​ភេទ​ពី​បុរស​ទៅ​ជា​ស្ត្រី ឬ​​ពី​ស្ត្រី​ទៅ​ជា​បុរស

ចែករំលែក៖

ភ្នំពេញ៖​ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ​ កម្លាំងសមត្ថកិច្ចប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ និងមន្ត្រី​​​ខាង​ក្រសួងសុខាភិបាល បានបង្ក្រាបទីតាំង​​មជ្ឈមណ្ឌលកែសម្ផស្ស​ចំនួន​២កន្លែង​ ពាក់ព័ន្ធការលួចលាក់កែភេទដោយខុសច្បាប់ ដែល​មានយីហោទី១,​ GANGNAM BEAUTY & CLINIC ស្ថិតនៅសង្កាត់ទំនប់ទឹក ក្បែរស្ថានទូតចិន ខណ្ឌបឹងកេងកង និង មួយកន្លែងទៀត មានឈ្មោះមជ្ឈមណ្ឌលថែរក្សាសម្ភស្ស ដុកទ័រ កាង ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទូលគោក រាជធានីភ្នំពេញ។

ទីតាំងទាំង២នេះ មានម្ចាស់តែមួយ ហើយពុំមានច្បាប់អនុញ្ញាតិត្រឹមត្រូវ និង ប្រើប្រាស់ឱសថក្លែងក្លាយ ទៀតផង ។

បេីតាមប្រធានលេខាធិការដ្ឋាននៃគណកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃ ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា​ បានថ្លែងថា ការចុះឆែកឆេរទីតាំងលួចកែភេទទាំងនេះ គឺបានធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញ បានធ្វើការស៊ើបអង្កេត ហើយរកឃើញថា ម្ចាស់ទីតាំងកែភេទនេះ បានលួចនាំឱសថខុសច្បាប់ជាច្រើនមកពីក្រៅប្រទេស និង បានលួចកែភេទបុរសទៅជាស្រ្តី និងពីស្រ្តីទៅជាបុរស ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ខណៈការកែភេទនេះគឺមានលក្ខណៈទ្រង់ទ្រាយធំ ។

ប្រភពដដែល​ បន្តថា ក្នុង​ប្រ​តិ​ប​ត្តិ​ការ​ខាងលើ​​នេះ​ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ក្លែងក្លាយ និងមន្ត្រី​​ខាង​ក្រសួងសុខាភិបាល បាន​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ រក​ឃើញ​លិង្គ ដែល​គេ​ធ្វើការ​កែ​ភេទរួច (​ពី​បុរស​ទៅជា​ស្ត្រី) មាន​ចំនួន​ប្រមាណ​ជា​៤០​លិង្គ ។ ក្រៅពីនេះ​ កម្លាំង​សមត្ថ​កិច្ច​ក៏​បាន​រក​ឃើញ​​​មាន​នាំ​ចូល​ឱសថ​ពី​ក្រៅប្រទេស ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ផង​ដែរ ​។

នៅ​ក្នុង​ប្រតិបត្តិការចុះ​​បង្ក្រាប​ទីតាំង​គ្លីនិកកែសម្ផស្ស​ខាងលើ​​នេះ​ ​កម្លាំងសមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ជា​ជនជាតិ​វៀតណាម និង​បុគ្គលិកប្រុសស្រីជា​​ជនជាតិ​ខ្មែរដែល​កំពុង​បម្រើការងារ​សរុប​ចំនួន​៨​នាក់ ​ព្រម​ទាំងដកហូត​​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ និង​​ផ្លុំ​បេ​ចាក់សោរ​បិទ​អាជីវកម្ម​ទីតាំងគ្លីនិក​​ខាងលើ​​នេះ​ ។

ដោយឡែក លោក ទិត សួស្តី អនុប្រធានមន្ទីរពេទ្យនៃក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរ រហូតដល់បិទនូវទីតាំងកែភេទនេះ គឺ មន្រ្តីបានរកឃើញឱសថជាច្រើនម៉ាក ដែលខុសច្បាប់ និង គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ខណៈសម្ភារៈវះកាត់ រួមទាំងលិង្គបុរស ដែលបានកាត់ដើម្បីប្តូរភេទទៅជាស្រ្តីមួយចំនួនផងដែរ ។

ជាមួយគ្នានេះ​ លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ក៏បានបញ្ជាក់បន្ថែមថា ក្រោយឃាត់ខ្លួនម្ចាស់ទីតាំងដែលជាជនជាតិវៀតណាម បុគ្គលជនជាតិខ្មែរ និង ជនជាតិវៀតណាមមួយចំនួនទៀត ក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print