ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ និងមន្ត្រីខាងក្រសួងសុខាភិបាល បានបង្ក្រាបទីតាំងមជ្ឈមណ្ឌលកែសម្ផស្សចំនួន២កន្លែង ពាក់ព័ន្ធការលួចលាក់កែភេទដោយខុសច្បាប់ ដែលមានយីហោទី១, GANGNAM BEAUTY & CLINIC ស្ថិតនៅសង្កាត់ទំនប់ទឹក ក្បែរស្ថានទូតចិន ខណ្ឌបឹងកេងកង និង មួយកន្លែងទៀត មានឈ្មោះមជ្ឈមណ្ឌលថែរក្សាសម្ភស្ស ដុកទ័រ កាង ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទូលគោក រាជធានីភ្នំពេញ។
ទីតាំងទាំង២នេះ មានម្ចាស់តែមួយ ហើយពុំមានច្បាប់អនុញ្ញាតិត្រឹមត្រូវ និង ប្រើប្រាស់ឱសថក្លែងក្លាយ ទៀតផង ។
បេីតាមប្រធានលេខាធិការដ្ឋាននៃគណកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃ ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា បានថ្លែងថា ការចុះឆែកឆេរទីតាំងលួចកែភេទទាំងនេះ គឺបានធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញ បានធ្វើការស៊ើបអង្កេត ហើយរកឃើញថា ម្ចាស់ទីតាំងកែភេទនេះ បានលួចនាំឱសថខុសច្បាប់ជាច្រើនមកពីក្រៅប្រទេស និង បានលួចកែភេទបុរសទៅជាស្រ្តី និងពីស្រ្តីទៅជាបុរស ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ខណៈការកែភេទនេះគឺមានលក្ខណៈទ្រង់ទ្រាយធំ ។
ប្រភពដដែល បន្តថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញរបស់នាយកដ្ឋានប្រឆាំងបទល្មើសក្លែងក្លាយ និងមន្ត្រីខាងក្រសួងសុខាភិបាល បានធ្វើការត្រួតពិនិត្យ និងឆែកឆេរ រកឃើញលិង្គ ដែលគេធ្វើការកែភេទរួច (ពីបុរសទៅជាស្ត្រី) មានចំនួនប្រមាណជា៤០លិង្គ ។ ក្រៅពីនេះ កម្លាំងសមត្ថកិច្ចក៏បានរកឃើញមាននាំចូលឱសថពីក្រៅប្រទេស ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលផងដែរ ។
នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងគ្លីនិកកែសម្ផស្សខាងលើនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងជាជនជាតិវៀតណាម និងបុគ្គលិកប្រុសស្រីជាជនជាតិខ្មែរដែលកំពុងបម្រើការងារសរុបចំនួន៨នាក់ ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត និងផ្លុំបេចាក់សោរបិទអាជីវកម្មទីតាំងគ្លីនិកខាងលើនេះ ។
ដោយឡែក លោក ទិត សួស្តី អនុប្រធានមន្ទីរពេទ្យនៃក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរ រហូតដល់បិទនូវទីតាំងកែភេទនេះ គឺ មន្រ្តីបានរកឃើញឱសថជាច្រើនម៉ាក ដែលខុសច្បាប់ និង គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ខណៈសម្ភារៈវះកាត់ រួមទាំងលិង្គបុរស ដែលបានកាត់ដើម្បីប្តូរភេទទៅជាស្រ្តីមួយចំនួនផងដែរ ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ក៏បានបញ្ជាក់បន្ថែមថា ក្រោយឃាត់ខ្លួនម្ចាស់ទីតាំងដែលជាជនជាតិវៀតណាម បុគ្គលជនជាតិខ្មែរ និង ជនជាតិវៀតណាមមួយចំនួនទៀត ក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕ដោយ៖ស តារា