មុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ​! ជំនួយវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន ជំហានទី២ ចំនួន៤០ម៉ឺនដូសទៀត អាចនឹងមកដល់កម្ពុជា

ចែករំលែក៖

អន្តរជាតិ​៖​ កម្ពុជាអាចនឹងមានលទ្ធភាព ក្នុងការទទួលបានជំនួយវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន លើសពី១លានដូស ក្នុងផែនការដែលរាជរដ្ឋាភិបាលចិនគ្រោងផ្ដល់ជូន, នេះបើ​តាមការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ។

បេីតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងស៊ីណូហ្វាម បង្ការជំងឺកូវីដ១៩ អាចនឹងមកដល់ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​ ព្រោះ​​បច្ចុប្បន្ន រាជរដ្ឋាភិបាលចិន កំពុងតែធ្វើការរៀបចំ ផ្តល់ជំនួយវ៉ាក់សាំង ជំហានទី២នេះ ចំនួន៤០ម៉ឺនដូសទៀត ជូនដល់កម្ពុជា។​ ជាក់ស្ដែង​ការថ្លែងបែបនេះ​នាឱកាសសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (AstraZeneca) ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមន្ដ្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៅមន្ទីរពេទ្យកាល់ម៉ែត។

ជាមួយគ្នានេះ​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា​ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាបជូនថា មកដល់ពេលនេះ យើងបានទទួលវ៉ាក់សាំង មកពីប្រទេសចិន ស៊ីណូហ្វាម មាន៦០ម៉ឺនដូស […] តាមព័ត៌មាន ដែលយើងបានទទួល គឺនៅមុនចូលឆ្នាំខ្មែរនេះ នឹងមក៤០ម៉ឺនដូសទៀត គ្រប់១លានដូស […] អាចនឹងមានលទ្ធភាព បានលើសពីនេះ»។

ចំពោះ​ការថ្លែងបែបនេះ​ បន្ទាប់ពី​សម្ដេចតេជោ ហ៊ុន សែន បានជួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន ក្នុងពេលដែលដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា យាងពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាពេលថ្មីៗនេះ។​ បន្ថែមពីនេះ​ សម្ដេចតេជោ ថ្លែងបន្តថា៖ «ជាមួយនឹងការរៀបចំ៤០ម៉ឺនដូស មាននៅក្នុងដៃរួចហើយនោះ (រាជរដ្ឋាភិបាលចិន) កំពុងតែរៀបចំបន្ថែមទៀត ដូច្នេះ ប្រហែលជាមានលទ្ធភាព អាចបានលើសពីនោះ (១លានដូស)»។

ដោយឡែក​បើតាមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ លោកស្រី ឱ វណ្ណឌីន ក៏ធ្លាប់បានបញ្ជាក់ថា វ៉ាក់សាំងស៊ីណូហ្វាម ជាវ៉ាក់សាំងមួយ ដែលមានកម្រិតប្រសិទ្ធភាព រហូតដល់ទៅ ៧៩.៣៤ភាគរយ។

គួរបញ្ជាក់ថា​ វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់ចិន ប្រមាណ៦០ម៉ឺនដូស ក្នុងចំណោម១លានដូស បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ ហេីយ​វ៉ាក់សាំងនេះ បានចាក់ជូនក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកផ្តល់សេវា ចាំបាច់មួយចំនួនផងដែរ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print