អន្តរជាតិ៖ កម្ពុជាអាចនឹងមានលទ្ធភាព ក្នុងការទទួលបានជំនួយវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន លើសពី១លានដូស ក្នុងផែនការដែលរាជរដ្ឋាភិបាលចិនគ្រោងផ្ដល់ជូន, នេះបើតាមការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ។
បេីតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងស៊ីណូហ្វាម បង្ការជំងឺកូវីដ១៩ អាចនឹងមកដល់ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ព្រោះបច្ចុប្បន្ន រាជរដ្ឋាភិបាលចិន កំពុងតែធ្វើការរៀបចំ ផ្តល់ជំនួយវ៉ាក់សាំង ជំហានទី២នេះ ចំនួន៤០ម៉ឺនដូសទៀត ជូនដល់កម្ពុជា។ ជាក់ស្ដែងការថ្លែងបែបនេះនាឱកាសសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (AstraZeneca) ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមន្ដ្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៅមន្ទីរពេទ្យកាល់ម៉ែត។
ជាមួយគ្នានេះ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាបជូនថា មកដល់ពេលនេះ យើងបានទទួលវ៉ាក់សាំង មកពីប្រទេសចិន ស៊ីណូហ្វាម មាន៦០ម៉ឺនដូស […] តាមព័ត៌មាន ដែលយើងបានទទួល គឺនៅមុនចូលឆ្នាំខ្មែរនេះ នឹងមក៤០ម៉ឺនដូសទៀត គ្រប់១លានដូស […] អាចនឹងមានលទ្ធភាព បានលើសពីនេះ»។
ចំពោះការថ្លែងបែបនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានជួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន ក្នុងពេលដែលដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា យាងពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាពេលថ្មីៗនេះ។ បន្ថែមពីនេះ សម្ដេចតេជោ ថ្លែងបន្តថា៖ «ជាមួយនឹងការរៀបចំ៤០ម៉ឺនដូស មាននៅក្នុងដៃរួចហើយនោះ (រាជរដ្ឋាភិបាលចិន) កំពុងតែរៀបចំបន្ថែមទៀត ដូច្នេះ ប្រហែលជាមានលទ្ធភាព អាចបានលើសពីនោះ (១លានដូស)»។
ដោយឡែកបើតាមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ក៏ធ្លាប់បានបញ្ជាក់ថា វ៉ាក់សាំងស៊ីណូហ្វាម ជាវ៉ាក់សាំងមួយ ដែលមានកម្រិតប្រសិទ្ធភាព រហូតដល់ទៅ ៧៩.៣៤ភាគរយ។
គួរបញ្ជាក់ថា វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់ចិន ប្រមាណ៦០ម៉ឺនដូស ក្នុងចំណោម១លានដូស បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ ហេីយវ៉ាក់សាំងនេះ បានចាក់ជូនក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកផ្តល់សេវា ចាំបាច់មួយចំនួនផងដែរ៕ដោយ៖ស តារា