អន្តរជាតិ៖ ក្នុងសម័យប្រជុំលើកទី៤ នៃសភាប្រជាជនចិននីតិកាលទី១៣ សម្រាប់ផែនការកំណែទម្រង់ប្រព័ន្ធបោះឆ្នោតហុងកុង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ត្រូវបានសហភាពអឺរ៉ុប រិះគន់ផែនការកំណែទម្រង់ប្រព័ន្ធបោះឆ្នោតហុងកុងថា៖ ជារឿងអវិជ្ជមាន និងរំលោភការប្តេជ្ញាចិត្តរបស់ចិន ចំពោះការរក្សាស្វ័យភាពកម្រិតខ្ពស់រហូតដល់ឆ្នាំ២០៤៧ ដែលបានសន្យាជាមួយអង់គ្លេសក្នុងកិច្ចព្រមព្រៀងទទួលមកវិញនូវទីក្រុងហិរញ្ញវត្ថុមួយនេះ។
មិនតែប៉ុណ្ណោះផែនការកំណែរទម្រង់ប្រព័ន្ធបោះឆ្នោតហុងកុង ត្រូវបានមើលឃើញថាជាការដាក់អ្នក ស្មោះស្ម័គ្រទៅនឹងសាធារណរដ្ឋប្រជាមានិតចិន រដ្ឋធម្មនុញ្ញ និងបក្សកុម្មុយនីស្តចិនក្នុងក្បាលម៉ាស៊ីនដឹកនាំតំបន់ហុងកុង និងធ្វើយ៉ាងណាកាត់បន្ថយវត្តមានអ្នកប្រឆាំងរដ្ឋាភិបាលចិនមិនឱ្យចូលរួមក្នុងការឈរឈ្មោះបោះឆ្នោតបាន។
ជាក់ស្ដែងចំពោះការលើកឡើងក្នុងសេចក្តីថ្លែងការណ៍នៃអ្នកនាំពាក្យសហភាពអឺរ៉ុប នៅថ្ងៃទី៥ ខែមីនា បានគូសបញ្ជាក់ថា៖ «សហភាពអឺរ៉ុប ទាមទារអាជ្ញាធរចិនឱ្យពិចារណាដោយប្រយ័ត្នប្រយែងពីផលប៉ះពាល់សេដ្ឋកិច្ច និងនយោបាយដែលកើតចេញពីកំណែទម្រង់ប្រព័ន្ធបោះឆ្នោងហុងកុង»។ អ្នកនាំពាក្យសហភាពអឺរ៉ុប ក៏បានសង្កត់ធ្ងន់ថា ការកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនឹងប៉ះពាល់គោលការណ៍ជាមូលដ្ឋាននៃសេរីភាព នយោបាយពហុនិយម និងប្រជាធិបតេយ្យ។
បេីតាមការលើកឡើងរបស់លោកWeng Chen អនុប្រធានសភាប្រជាជនចិននាថ្ងៃទី៥ ខែមីនានេះដែរ បានបញ្ជាក់ថា សេចក្តីព្រាងកំណែទម្រង់ដែលអាចនឹងត្រូវអនុម័តនៅថ្ងៃទី១១ មីនា ខាងមុខនេះ នឹងរៀបចំឡើងវិញនូវគណៈកម្មធិការបោះឆ្នោតហុងកុងថ្មី។ ហេីយសេចក្តីព្រាងបង្ហាញថា គណៈកម្មាធិការនេះនឹងចូលរួមក្នុងការជ្រើសរើសបេក្ខភាពនាយកប្រតិបត្តិហុងកុង និងតំណាងរាស្ត្រមួយភាគធំ។ ចំណែកគណៈកម្មាធិការនេះ ត្រូវបានរំពឹងថានឹងមានសមសភាពភាគច្រើនជាអ្នកគាំទ្ររដ្ឋាភិបាលចិន។
ដោយឡែកតំណាងរាស្ត្រចំនួន៣០រូប នឹងត្រូវតែងតាំងដោយគណៈកម្មធិការខាងលើ ក្នុងសភាហុងកុងដែលនឹងត្រូវពង្រីកអាសនៈរហូតដល់៩០។ បន្ថែមពីនេះ គណៈកម្មធិការនេះ នឹងជ្រើសតាំងបេក្ខជនសម្រាប់ការបោះឆ្នោត ដែលអាចនឹងធ្វើឱ្យអ្នកប្រជាធិបតេយ្យនិយម ឬប្រឆាំងរដ្ឋាភិបាលកណ្តាលចិនមិនអាចឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្របាន។ សភាហុងកុង បច្ចុប្បន្នមានអាសនៈចំនួន៧០ដែល ក្នុងនោះ៣៥រូបជ្រើសរើសតាមការបោះឆ្នោតជាសាកល ៣០តំណាងឱ្យវិស័យផ្សេងៗក្នុងទីក្រុង និង៥រូបចុងក្រោយជ្រើសតាំងដោយក្រុមប្រឹក្សាសង្កាត់។ នេះបេីយោងតាមសារព័ត៌មានហុងកុងSouth China Morning Post ចុះផ្សាយ។
សូមជម្រាបថា នៅក្នុងសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប ក៏បានសង្កត់ធ្ងន់ថា ការបើកំណែរទម្រង់លេចចេញជារូបរាងមែននោះ វាអាចនឹងបះពាល់យ៉ាងអវិជ្ជមានគោលការណ៍ប្រជាធិបតេយ្យ និងការតំណាងបែបប្រជាធិបតេយ្យនៅហុងកុង។ បន្ថែមពីនេះកំណែទម្រង់ខាងលើក៏មានលក្ខណៈបញ្ច្រាស់ទៅនឹងមាត្រា៤៥និង៦៨ នៃធម្មនុញ្ញហុងកុងដែលលើកឡើងពីការបោះឆ្នោតជាសាកលក្នុងការជ្រើសរើសនាយកប្រតិបត្តិ និងតំណាងរាស្ត្រសភានៃតំបន់ពាក់កណ្តាលស្វ័យភាពមួយនេះ។
ជាមួយការឆ្លេីយតបទៅនឹងក្រុមបាតុកម្មប្រឆាំងរដ្ឋាភិបាលតំបន់ហុងកុងជាច្រើនខែក្នុងឆ្នាំ២០១៩ ចិនបានចាត់វិធានការគ្រប់គ្រងស្ថិរភាពក្នុងតំបន់ពាក់កណ្តាលស្វ័យភាពមួយនេះ ដោយអនុម័តច្បាប់សន្តិសុខហុងកុងដែលដាក់ពិន័យលើបុគ្គលទាំងឡាយណាដែលប្រព្រឹត្តបទល្មើសដូចជាការផ្តាច់ខ្លួន ការធ្វើវិទ្ធង្សនា និងការរួមគំនិតជាមួយរដ្ឋាភិបាលបរទេស។
គួរបញ្ជាក់ថា ចាប់ពីច្បាប់នេះត្រូវបានអនុម័តមក សកម្មជនហុងកុងជាង១០០រូបត្រូវបានចោទប្រកាន់ដោយប្រើច្បាប់នេះ ដែលក្នុងនោះក៏មានផងដែរសកម្មជនប្រជាធិបតេយ្យចំនួន៤៧រូប៕ដោយ៖ស តារា
រូបភាព៖តំណាងទង់ជាតិសហភាពអឺរ៉ុប និងចិន