សហភាព​អឺរ៉ុប៖ រិះគន់​ផែនការ​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ហុងកុង​ថា​ជា​រឿង​អវិជ្ជមាន និង​រំលោភ​ការប្តេជ្ញាចិត្ត​របស់​ចិន

ចែករំលែក៖

អន្តរជាតិ​៖​ ក្នុងសម័យ​ប្រជុំ​លើក​ទី​៤ នៃ​សភា​ប្រជាជន​ចិន​នីតិកាល​ទី​១៣​ សម្រាប់​ផែនការ​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ហុងកុង នៅ​ថ្ងៃទី​៥ ខែមីនា​ ឆ្នាំ​២០២១​ ត្រូវ​បានសហភាព​អឺរ៉ុប រិះគន់​ផែនការ​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ហុងកុង​ថា​៖​ ជា​រឿង​អវិជ្ជមាន និង​រំលោភ​ការប្តេជ្ញាចិត្ត​របស់​ចិន ចំពោះ​ការរក្សា​ស្វ័យភាព​កម្រិត​ខ្ពស់​រហូតដល់​ឆ្នាំ​២០៤៧ ដែល​បាន​សន្យា​ជាមួយ​អង់គ្លេស​ក្នុង​កិច្ចព្រមព្រៀង​ទទួល​មកវិញ​នូវ​ទីក្រុង​ហិរញ្ញវត្ថុ​មួយ​នេះ​។

​មិនតែប៉ុណ្ណោះ​ផែនការ​កំណែរ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ហុងកុង ត្រូវបាន​មើលឃើញថា​ជាការ​ដាក់​អ្នក ស្មោះស្ម័គ្រ​ទៅនឹង​សាធារណរដ្ឋ​ប្រជាមានិត​ចិន រដ្ឋធម្មនុញ្ញ និង​បក្ស​កុម្មុយនីស្ត​ចិន​ក្នុង​ក្បាលម៉ាស៊ីន​ដឹកនាំ​តំបន់​ហុងកុង និង​ធ្វើយ៉ាងណា​កាត់បន្ថយ​វត្តមាន​អ្នកប្រឆាំង​រដ្ឋាភិបាល​ចិន​មិនឱ្យ​ចូលរួម​ក្នុងការ​ឈរឈ្មោះ​បោះឆ្នោត​បាន​។​

ជាក់ស្ដែង​ចំពោះ​ការ​លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​នៃ​អ្នកនាំពាក្យ​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​៥ ខែមីនា​ បានគូសបញ្ជាក់ថា​៖​ «​សហភាព​អឺរ៉ុប ទាមទារ​អាជ្ញាធរ​ចិន​ឱ្យ​ពិចារណា​ដោយ​ប្រយ័ត្នប្រយែង​ពី​ផលប៉ះពាល់​សេដ្ឋកិច្ច និង​នយោបាយ​ដែល​កើតចេញពី​កំណែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោ​ង​ហុងកុង​»​។ ​អ្នកនាំពាក្យ​សហភាព​អឺរ៉ុប ក៏បាន​សង្កត់ធ្ងន់ថា​ ការកំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នឹង​ប៉ះពាល់​គោលការណ៍​ជា​មូលដ្ឋាន​នៃ​សេរីភាព នយោបាយ​ពហុ​និយម និង​ប្រជាធិបតេយ្យ​។​

​បេីតាម​ការលើកឡើងរ​ប​ស់លោក​Weng Chen អនុ​ប្រធានសភា​ប្រជាជន​ចិន​នា​ថ្ងៃទី​៥ ខែមីនា​នេះដែរ​ បានបញ្ជាក់ថា​ សេចក្តីព្រាង​កំណែទម្រង់​ដែល​អាច​នឹងត្រូវ​អនុម័ត​នៅ​ថ្ងៃទី​១១ មីនា ខាងមុខនេះ​ នឹង​រៀបចំ​ឡើងវិញ​នូវ​គណៈ​កម្ម​ធិ​ការបោះឆ្នោត​ហុងកុង​ថ្មី​។ ហេីយ​សេចក្តីព្រាង​បង្ហាញថា គណៈកម្មាធិការ​នេះ​នឹងចូលរួម​ក្នុងការ​ជ្រើសរើស​បេក្ខភាព​នាយក​ប្រតិបត្តិ​ហុងកុង និង​តំណាងរាស្ត្រ​មួយ​ភាគ​ធំ​។ ចំណែក​គណៈកម្មាធិការ​នេះ ត្រូវបាន​រំពឹងថា​នឹងមាន​សម​សភាព​ភាគច្រើន​ជា​អ្នកគាំទ្រ​រដ្ឋាភិបាល​ចិន​។​

​ដោយ​ឡែក​តំណាងរាស្ត្រ​ចំនួន​៣០​រូប​ ​នឹងត្រូវ​តែងតាំង​ដោយ​គណៈ​កម្ម​ធិ​ការ​ខាងលើ ក្នុង​សភា​ហុងកុង​ដែល​នឹងត្រូវ​ពង្រីក​អាសនៈ​រហូតដល់​៩០​។ បន្ថែម​ពីនេះ គណៈ​កម្ម​ធិ​ការ​នេះ នឹង​ជ្រើសតាំង​បេក្ខជន​សម្រាប់​ការបោះឆ្នោត ដែល​អាច​នឹង​ធ្វើឱ្យ​អ្នកប្រជាធិបតេយ្យ​និយម ឬ​ប្រឆាំង​រដ្ឋាភិបាលកណ្តាល​ចិន​មិនអាច​ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ​បាន​។ សភា​ហុងកុង​ បច្ចុប្បន្ន​មាន​អាសនៈ​ចំនួន​៧០​ដែល ក្នុងនោះ​៣៥​រូប​ជ្រើសរើស​តាម​ការបោះឆ្នោត​ជា​សាកល ៣០​តំណាងឱ្យ​វិស័យ​ផ្សេងៗ​ក្នុង​ទីក្រុង និង​៥​រូប​ចុងក្រោយ​ជ្រើសតាំង​ដោយ​ក្រុមប្រឹក្សា​សង្កាត់​។​ នេះ​បេីយោងតាម​សារព័ត៌មាន​ហុងកុង​South China Morning Post ចុះផ្សាយ​។

​សូមជម្រាបថា​ នៅក្នុងសេចក្តីថ្លែងការណ៍​រប​ស់​សហភាព​អឺរ៉ុប ក៏បានសង្កត់ធ្ងន់​ថា​ ការបើ​កំណែរ​ទម្រង់​លេចចេញ​ជា​រូបរាង​មែន​នោះ វា​អាច​នឹង​បះ​ពាល់​យ៉ាង​អវិជ្ជមាន​គោលការណ៍​ប្រជាធិបតេយ្យ និង​ការ​តំណាង​បែប​ប្រជាធិបតេយ្យ​នៅ​ហុងកុង​។ បន្ថែម​ពីនេះ​កំណែទម្រង់​ខាងលើ​ក៏មាន​លក្ខណៈ​បញ្ច្រាស់​ទៅនឹង​មាត្រា​៤៥​និង​៦៨ នៃ​ធម្មនុញ្ញ​ហុងកុង​ដែល​លើកឡើង​ពី​ការបោះឆ្នោត​ជា​សាកល​ក្នុងការ​ជ្រើសរើស​នាយក​ប្រតិបត្តិ និង​តំណាងរាស្ត្រ​សភា​នៃ​តំបន់​ពាក់កណ្តាល​ស្វ័យភាព​មួយ​នេះ​។​

​ជាមួយ​ការឆ្លេីយតប​ទៅនឹង​ក្រុម​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​តំបន់​ហុងកុង​ជាច្រើន​ខែ​ក្នុង​ឆ្នាំ​២០១៩ ចិន​បាន​ចាត់វិធានការ​គ្រប់គ្រង​ស្ថិរភាព​ក្នុង​តំបន់​ពាក់កណ្តាល​ស្វ័យភាព​មួយ​នេះ ដោយ​អនុម័ត​ច្បាប់​សន្តិសុខ​ហុងកុង​ដែល​ដាក់ពិន័យ​លើ​បុគ្គល​ទាំងឡាយណា​ដែល​ប្រព្រឹត្ត​បទល្មើស​ដូច​ជាការ​ផ្តាច់ខ្លួន ការធ្វើ​វិទ្ធង្សនា និង​ការរួម​គំនិត​ជាមួយ​រដ្ឋាភិបាល​បរទេស​។

គួរបញ្ជាក់ថា​ ចាប់ពី​ច្បាប់​នេះ​ត្រូវបាន​អនុម័ត​មក សកម្មជន​ហុងកុង​ជាង​១០០​រូប​ត្រូវបាន​ចោទប្រកាន់​ដោយ​ប្រើ​ច្បាប់​នេះ ដែល​ក្នុងនោះ​ក៏មាន​ផងដែរ​សកម្មជន​ប្រជាធិបតេយ្យ​ចំនួន​៤៧​រូប​៕ដោយ​៖ស​ តារា

...

រូបភាព​៖តំណាងទង់ជាតិសហភាព​អឺរ៉ុប​ និងចិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print