ភ្នំពេញ, ឧកញ៉ាម្នាក់ទិញអូរប័រថ្មីៗដឹកសណ្តោងតាមរថយន្តម៉ាកហ្វ័ត ពណ៌ស ពាក់ស្លាកលេខរដ្ឋ២-៥២៩៨ មួយគ្រឿង យកទៅ
ចុះទឹកនៅចំណុចក្បាលជ្រោយចង្វារ មុខព្រះបរមរាជវាំង ក្បែរសណ្ឋាគារសុខា ក្នុងភូមិ ទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ២ និង២០នាទីរសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ដើម្បីជិះដើរលេងកម្សាន្ត។
ខណៈបុរសជាប្តីបានចាក់សោរ កាច់កុងតាក់បញ្ឆេះទុកចោលហើយនាំគ្នាឡើងជិះប្រុងបើកដឹកប្រពន្ធ និងកូន ដើរលេងដោយកូនជិះនៅខាងក្រោយ ក្បែរម៉ាស៊ីន ស្រាប់តែផ្ទុះចេញពីម៉ាស៊ីនលាន់កគ្រើកប៉ើងដំបូល ហើយឆេះយ៉ាងសន្ធោសន្ធៅតែម្តង បណ្តាលឲ្យប្តី ប្រពន្ធ និងកូន ទាំងអស់៣នាក់បានរងរបួសឆេះរលាករបួសធ្ងន់ ។
ភ្លាមៗនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យទៅបាញ់ពន្លត់រួមជាមួយខាងសាឡង់កំពង់ចម្លងបានយកទុយោទឹកបាញ់ពន្លត់ ហើយក្រោយបន្តិច រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់អស់ទឹក១គ្រឿង ។ ជនរងគ្រោះជាប្តីត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ។ ចំណែកស្ត្រីជាប្រពន្ធ និងកូន ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ជា ៕
ដោយ, សិលា