ខេត្តត្បូងឃ្មុំ ៖ សូមបងប្អូនប្រជាពលរដ្ឋរាប់អានគាត់ផង គាត់ឈ្មោះ ឆឹង ប៊ុនឡុង ហៅ ឡុង ជាប់ចោទពីបទបើកកន្លែងលេងល្បែងស៊ីសងដោយគ្មានលិខិតអនុញ្ញាត ហេីយត្រូវជាប់ឃុំតែ១៣ថ្ងៃ ក្រោយពីសមត្ថកិច្ចចាប់ឃាត់ខ្លួន ប៉ុន្តែក្រោយមកតុលាការបានចេញដីកាដោះលែងឱ្យមានសេរីភាពវិញ។
នេះបេីយោងតាមដីកាឱ្យដោះលែងលេខ០២ ព្រ.ទ២ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ របស់ លោក ឈិត វិនា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចឱ្យដោះលែងឈ្មោះ ឆឹង ប៊ុនឡុង ហៅ ឡុង ភេទប្រុស កើតឆ្នាំ១៩៩៥ (បច្ចុប្បន្ន២៥ឆ្នាំ) ជនជាតិខ្មែរ មានទីលំនៅមុនពេលចាប់ខ្លួន នៅភូមិជីរោទ៍ទី១ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ឈ្មោះ ឆឹង ប៊ុនឡុង ហៅ ឡុងជាប់ចោទពីបទ បើកកន្លែងលេងល្បែងស៊ីសងដោយគ្មានលិខិតអនុញ្ញាត ដែលបានប្រព្រឹត្តទៅនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។
សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៥ :៥០នាទី កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្នុំ បានចុះប្រតិបត្តិការបង្ក្រាបករណីបើកល្បែងស៊ីសងខុសច្បាប់ (ឆ្នោតកន្ទុយលេខ) មួយកន្លែង ត្រង់ចំណុចស្ពានតូច(លូតូច) ស្ថិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងដកហូតវត្ថុតាងរួមមាន៖ កាបូបស្ពាយធុនតូច ពណ៌សូកូឡាចំនួន១ សៀវភៅកត់លេខឆ្នោតចំនួន១ក្បាល កូនសៀវភៅតូចចំនួន២ក្បាល ទូរស័ព្ទដៃ ម៉ាកអាយហ្វូន (iPhone 12 pro ) ស៊ីមលេខ 096 625 5999 និងប្រាក់រៀល ចំនួន ១,០៣៥,០០០រៀល (មួយលានបីម៉ឺនប្រាំពាន់) ។
ជនសង្ស័យចំនួន២នាក់៖ ១.ឈ្មោះ ឆឹង ប៊ុនឡុង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរកាធំ ឃុំ ជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
២.ឈ្មោះ ណេន ស៊ាងហ៊ួ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
បច្ចុប្បន្នឈ្មោះ ឆឹង ប៊ុនឡុង ហៅ ឡុង ត្រូវបានលោក ឈិត វិនា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចដោះលែងឱ្យមានសេរីភាពវិញ ហើយមេឆ្នោតយួនដ៏ធំរូបនេះបាបានបន្តអាជីពនេះឡេីងវិញដដែល៕
ដោយ, វណ្ណៈ