សហព័ន្ធបាល់ទាត់តំបន់អាមេរិកខាងត្បូង (CONMEBOL) បានពន្យារពេលជាផ្លូវការនៃការប្រកួតជម្រុះ World Cup របស់ពួកគេដែលត្រូវបានគេគ្រោងនឹងធ្វើឡើងក្នុងអំឡុងពេលសម្រាកអន្តរជាតិក្នុងខែមីនា។
សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយថា បណ្តាប្រទេសអាមេរិចខាងត្បូងត្រូវលេងការប្រកួតជម្រុះចំនួន២ប្រកួតក្នុងរយៈពេលវិស្សមកាលប៉ុន្តែការហាមឃាត់ការធ្វើដំណើរបានបង្កជាបញ្ហាដល់កីឡាករ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ CONMEBOL បានបង្ហាញថាគណៈកម្មាធិការ CONMBEOL បានសម្រេចចិត្តផ្អាកការប្រកួតជម្រុះចំនួន២នៅ World Cup 2022 ដែលគ្រោងនឹងធ្វើឡើងនៅខែមីនានេះ ។
សេចក្តីថ្លែងការណ៍បានបន្តថា ការសម្រេចចិត្តគឺអាស្រ័យលើភាពមិនអាចទៅរួចដោយមានកីឡាករអាមេរិចខាងត្បូងទាំងអស់មិនអាចធ្វើដំណើរឲ្យបានទាន់ពេលវេលា និងការរឹតត្បិតរបស់ប្រទេសមួយចំនួន។ ជាមួយគ្នានេះ FIFA នឹងពិនិត្យមើលការរៀបចំការប្រកួតឡើងវិញដោយមានការសម្របសម្រួលជាមួយ CONMEBOL និងសមាគមជាសមាជិក។ ជំរើសផ្សេងៗគ្នាសម្រាប់ការបំពេញការប្រកួតនឹងត្រូវសិក្សាក្នុងពេលវេលាជាក់លាក់ណាមួយ។
ការសម្រេចចិត្តនេះគឺជាលទ្ធផលនៃការប្រជុំរវាងប្រធាន FIFA លោកGianni Infantino និងប្រធាន CONMEBOL លោក Alejandro Dominguez ។ ប្រសិនបើការប្រកួតជម្រុះបានឈានទៅមុខនោះបណ្តាប្រទេសកំពូលៗ អាមេរិកខាងត្បូងប្រហែលជាគ្មានកីឡាករឆ្នើមៗ របស់ខ្លួនចូលរួមប្រកួតទេ ដោយសារតែការឆ្លងរាលដាលជំងឺកូវីដ-១៩ពីអឺរ៉ុបកំពុងតែខ្លាំងក្លានៅឡើយ ៕ដោយ៖ ភារៈ