អន្តរជាតិ៖ សារព័ត៌មានក្នុងស្រុកចំនួន៥ របស់ប្រទេសមីយ៉ាន់ម៉ា មានដូចជា៖ Mizzima, DVB, Khit Thit Media, Myanmar Now និង 7Day News ដែលតែងផ្សាយពីការតវ៉ាប្រឆាំងរបបសឹក នាពេលថ្មីៗនេះ ត្រូវបានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ដកអាជ្ញាប័ណ្ណពីសារព័ត៌មាន។ ហេីយនេះជាលើកដំបូងដែលក្រុមយោធាចាត់វិធានការលើប្រព័ន្ធផ្សព្វផ្សាយក្រោយការគំរាមពីមេដឹកនាំយោធាមក។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលយោធា ក៏បានចាត់វិធានការកាន់តែខ្លាំងឡើងៗលើក្រុមបាតុករមីយ៉ាន់ម៉ាផងដែរ ខណៈពេលប្រេសិតមីយ៉ាន់ម៉ានៅក្រៅប្រទេសម្តងមួយៗ បានចេញមកប្រឆាំងនឹងរដ្ឋប្រហារក្នុងស្រុក។
ជាក់ស្ដែងអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង កាលពីពេលកន្លងទៅ ក៏បានព្រមានបិទស្ថាប័នសារព័ត៌មានក្នុងស្រុកទាំងអស់ ប្រសិនបើហ៊ានហៅរដ្ឋាភិបាលមីយ៉ាន់ម៉ា ថារដ្ឋាភិបាលយោធា ឬ របបសឹក។ ចំពោះការព្រមាននេះ ក្រុមយោធា នៅថ្ងៃទី៨ ខែមីនាម្សិលមិញនេះ បានបិទស្ថាប័នសារព័ត៌មានក្នុងស្រុកចំនួន៥ ដោយមិនបញ្ជាក់ហេតុផល។
បេីតាមការការលើកឡើងរបស់របបសឹកមីយ៉ាន់ម៉ា បានបញ្ជាក់ថា៖
«ក្រុមហ៊ុនសារព័ត៌មានទាំងនោះ មានដូចជា៖ Mizzima, DVB, Khit Thit Media, Myanmar Now និង 7Day News មិនត្រូវអនុញ្ញាតឱ្យផ្សព្វផ្សាយ ឬសរសេរ ឬផ្តល់ព័ត៌មាន ដោយប្រើប្រាស់ព័ត៌មានប្រភេទណាមួយ ឬប្រើប្រាស់បច្ចេកទេសព័ត៌មានណាមួយឡើយ»។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP មុនប្រកាសបិទនៅថ្ងៃទី៨ ខែមីនានេះ ក៏បាននិយាយថា វាគ្មានអ្វីត្រូវចម្លែកឡើយ ព្រោះចាប់តាំងពីមានបាតុកម្មក្រោយរដ្ឋប្រហារយោធាមក សារព័ត៌មានទាំង៥ តែងតែផ្សព្វផ្សាយពីការតវ៉ារបស់ក្រុមបាតុករ និងផ្សាយផ្ទាល់ពីទិដ្ឋភាពនៃបាតុកម្មជាដើម។ ទីភ្នាក់ងារព័ត៌មាន AP បន្តថា អាជ្ញាធរមីយ៉ាន់ម៉ា បានចុះទៅឆែកឆេរការិយាល័យសារព័ត៌មានទាំងនោះ។ របបសឹក ក៏បានចាប់ឃុំអ្នកសារព័ត៌មានជាច្រើនរូប ហើយថែមទាំងចោទប្រកាន់អ្នកកាសែតមួយចំនួនផងដែរ។
សូមជម្រាបដែរថា ក្នុងថ្ងៃបិទសារព័ត៌មានខាងលើ របបសឹក ក៏បានបង្កើនការបង្រ្កាបលើក្រុមបាតុករមីយ៉ាន់ម៉ាដែរ។ ខណៈដែលបាតុករយ៉ាងហោចណាស់ ៣នាក់បានស្លាប់ ក្នុងការបង្រ្កាបបាតុកម្មថ្ងៃទី៨ ខែមីនា។ ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលមិនបានបកស្រាយឡើយ ប៉ុន្តែនៅពេលកន្លងទៅ ទូរទស្សន៍រដ្ឋ MRTV ផ្សាយថា រដ្ឋាភិបាល គឺអស់ភាពអត់ធ្មត់ហើយក្នុងការបញ្ឈប់បាតុកម្មដោយប្រើធម៌ត្រជាក់។ ចាប់តាំងពីរដ្ឋប្រហារមក បាតុករជិត ៦០នាក់ហើយ បានបាត់បង់ជីវិត។
ស្របពេលក្រុមយោធាចាត់វិធានការកាន់តែខ្លាំងមុន ប្រេសិតមីយ៉ាន់ម៉ាម្តងមួយៗ បានចាប់ផ្តើមក្រោកតវ៉ាប្រឆាំងនឹងរបបសឹក និងរដ្ឋប្រហារយោធា។ បន្ទាប់ពីតំណាងអចិន្រ្តៃយ៍មីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិ ពេលនេះអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅចក្រភពអង់គ្លេស ក៏បានក្រោកតវ៉ាដែរ។ ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Kyaw Zwar Minn បានអំពាវនាវឱដោះលែងលោកស្រី អ៊ុងសាន ស៊ូជី, លោក Win Myint និងអ្នកជាប់ឃុំផ្សេងទៀត។ លើសពីនេះ លោក ក៏ជំរុញឱ្យមានការចរចារវាងភាគីពាក់ព័ន្ធនៅក្នុងប្រទេសផងដែរ។ ការទាមទារនេះ បានទទួលការសរសើរយ៉ាងខ្លាំងពីសំណាក់រដ្ឋមន្រ្តីការបរទេសអង់គ្លេស។
ដោយឡែកពាក់ព័ន្ធជុំវិញបញ្ហានេះដែរ លោក Tom Andrew អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា បានអះអាងថា លោកបានទទួលរបាយការណ៍មួយចំនួន ដែលប៉ូលិសមីយ៉ាន់ម៉ា បានបិទផ្លូវចំនួន៤ នៅក្នុងខណ្ឌ Sanchaung ក្នុងក្រុងយ៉ាំងហ្គោន ដោយបង្ខាំងក្រុមបាតុករចំនួន ២០០នាក់។ បន្ថែមពីនេះលោក Tom Andrew ក៏បានទាមទារឱ្យការដោះលែងអ្នកទាំងនោះ៕ដោយ៖ស តារា
រូបភាព៖ អ្នកសារព័ត៌មានមីយ៉ាន់ម៉ា កន្លងទៅ
រូបថត៖ AFP