រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដកអាជ្ញាប័ណ្ណពីសារព័ត៌មានក្នុងស្រុកចំនួន៥ ដែលតែងផ្សាយពីការតវ៉ាប្រឆាំងរបបសឹក

ចែករំលែក៖

អន្តរជាតិ​៖​ សារព័ត៌មានក្នុងស្រុកចំនួន៥​ របស់ប្រទេស​មីយ៉ាន់ម៉ា​ មានដូចជា៖ Mizzima, DVB, Khit Thit Media, Myanmar Now និង 7Day News​ ដែលតែងផ្សាយពីការតវ៉ាប្រឆាំងរបបសឹក​ នាពេលថ្មីៗនេះ​ ត្រូវបានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ​២០២១​ ដកអាជ្ញាប័ណ្ណពីសារព័ត៌មាន។ ហេីយ​នេះជាលើកដំបូងដែលក្រុមយោធាចាត់វិធានការលើប្រព័ន្ធផ្សព្វផ្សាយក្រោយការគំរាមពីមេដឹកនាំយោធាមក។ មិនតែប៉ុណ្ណោះ​ រដ្ឋាភិបាលយោធា ក៏បានចាត់វិធានការកាន់តែខ្លាំងឡើងៗលើក្រុមបាតុករមីយ៉ាន់ម៉ាផងដែរ ខណៈពេលប្រេសិតមីយ៉ាន់ម៉ានៅក្រៅប្រទេសម្តងមួយៗ បានចេញមកប្រឆាំងនឹងរដ្ឋប្រហារក្នុងស្រុក។

ជាក់ស្ដែង​អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង កាលពីពេលកន្លងទៅ ក៏បានព្រមានបិទស្ថាប័នសារព័ត៌មានក្នុងស្រុកទាំងអស់ ប្រសិនបើហ៊ានហៅរដ្ឋាភិបាលមីយ៉ាន់ម៉ា ថារដ្ឋាភិបាលយោធា ឬ របបសឹក។ ចំពោះ​ការព្រមាននេះ ក្រុមយោធា នៅថ្ងៃទី៨ ខែមីនាម្សិលមិញនេះ​ បានបិទស្ថាប័នសារព័ត៌មានក្នុងស្រុកចំនួន៥ ដោយមិនបញ្ជាក់ហេតុផល។

បេីតាមការ​ការលើកឡើង​របស់របបសឹកមីយ៉ាន់ម៉ា​ បានបញ្ជាក់ថា៖
«ក្រុមហ៊ុនសារព័ត៌មានទាំងនោះ មានដូចជា៖ Mizzima, DVB, Khit Thit Media, Myanmar Now និង 7Day News​ មិនត្រូវអនុញ្ញាតឱ្យផ្សព្វផ្សាយ ឬសរសេរ ឬផ្តល់ព័ត៌មាន ដោយប្រើប្រាស់ព័ត៌មានប្រភេទណាមួយ ឬប្រើប្រាស់បច្ចេកទេសព័ត៌មានណាមួយឡើយ»។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP មុនប្រកាសបិទនៅថ្ងៃទី៨ ខែមីនា​នេះ​ ក៏បាននិយាយថា​ វាគ្មានអ្វីត្រូវចម្លែកឡើយ ព្រោះចាប់តាំងពីមានបាតុកម្មក្រោយរដ្ឋប្រហារយោធាមក សារព័ត៌មានទាំង៥ តែងតែផ្សព្វផ្សាយពីការតវ៉ារបស់ក្រុមបាតុករ និងផ្សាយផ្ទាល់ពីទិដ្ឋភាពនៃបាតុកម្មជាដើម។ ទីភ្នាក់ងារព័ត៌មាន AP បន្តថា​ អាជ្ញាធរមីយ៉ាន់ម៉ា បានចុះទៅឆែកឆេរការិយាល័យសារព័ត៌មានទាំងនោះ។ របបសឹក ក៏បានចាប់ឃុំអ្នកសារព័ត៌មានជាច្រើនរូប ហើយថែមទាំងចោទប្រកាន់អ្នកកាសែតមួយចំនួនផងដែរ។

សូមជម្រាបដែរថា​ ក្នុងថ្ងៃបិទសារព័ត៌មានខាងលើ របបសឹក ក៏បានបង្កើនការបង្រ្កាបលើក្រុមបាតុករមីយ៉ាន់ម៉ាដែរ។ ខណៈដែល​បាតុករយ៉ាងហោចណាស់ ៣នាក់បានស្លាប់ ក្នុងការបង្រ្កាបបាតុកម្មថ្ងៃទី៨ ខែមីនា។ ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលមិនបានបកស្រាយឡើយ ប៉ុន្តែនៅពេលកន្លងទៅ ទូរទស្សន៍រដ្ឋ MRTV ផ្សាយថា រដ្ឋាភិបាល គឺអស់ភាពអត់ធ្មត់ហើយក្នុងការបញ្ឈប់បាតុកម្មដោយប្រើធម៌ត្រជាក់។ ចាប់តាំងពីរដ្ឋប្រហារមក បាតុករជិត ៦០នាក់ហើយ បានបាត់បង់ជីវិត។

ស្របពេលក្រុមយោធាចាត់វិធានការកាន់តែខ្លាំងមុន ប្រេសិតមីយ៉ាន់ម៉ាម្តងមួយៗ បានចាប់ផ្តើមក្រោកតវ៉ាប្រឆាំងនឹងរបបសឹក និងរដ្ឋប្រហារយោធា។ បន្ទាប់ពីតំណាងអចិន្រ្តៃយ៍មីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិ ពេលនេះអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅចក្រភពអង់គ្លេស ក៏បានក្រោកតវ៉ាដែរ។ ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Kyaw Zwar Minn បានអំពាវនាវឱដោះលែងលោកស្រី អ៊ុងសាន ស៊ូជី, លោក Win Myint និងអ្នកជាប់ឃុំផ្សេងទៀត។ លើសពីនេះ លោក ក៏ជំរុញឱ្យមានការចរចារវាងភាគីពាក់ព័ន្ធនៅក្នុងប្រទេសផងដែរ។ ការទាមទារនេះ បានទទួលការសរសើរយ៉ាងខ្លាំងពីសំណាក់រដ្ឋមន្រ្តីការបរទេសអង់គ្លេស។

ដោយឡែក​ពាក់ព័ន្ធ​ជុំវិញ​បញ្ហានេះដែរ​ លោក Tom Andrew អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា បានអះអាងថា លោកបានទទួលរបាយការណ៍មួយចំនួន ដែលប៉ូលិសមីយ៉ាន់ម៉ា បានបិទផ្លូវចំនួន៤ នៅក្នុងខណ្ឌ Sanchaung ក្នុងក្រុងយ៉ាំងហ្គោន ដោយបង្ខាំងក្រុមបាតុករចំនួន ២០០នាក់។ បន្ថែមពីនេះ​លោក Tom Andrew ក៏បានទាមទារឱ្យការដោះលែងអ្នកទាំងនោះ៕ដោយ​៖ស​ តារា​

រូបថត​៖​ AFP

រូបភាព​៖​ អ្នកសារព័ត៌មានមីយ៉ាន់ម៉ា កន្លងទៅ​

...

រូបថត៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print