លោក ឃួង ស្រេង កោះប្រជុំជាបន្ទាន់ជាមួយតំណាងក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃ ដើម្បីមានវិធានការតឹងរឹងជាថ្មីទៀតជុំវិញការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

                     

ភ្នំពេញ៖ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ជនបរទេសដែលរស់នៅក្នុងរាជធានីភ្នំពេញនិងម្ចាស់ទីតាំងអាជីវកម្មនានានិឹងប្រឈមមុខមានទោសទណ្ឌនៅពេលដែលពួកគេមិនអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយមិនសហការជាមួយអាជ្ញាធរនិងក្រសួងពាក់ព័ន្ធជុំវិញវិធានការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រោយពីច្បាប់នេះត្រូវបានព្រឹទ្ធសភាអនុម័តរួចរាល់។

    នេះបើតាមការបញ្ជាក់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាបន្ទាន់មួយជាមួយតំណាងក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី៩ ខែមីនាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ដើម្បីមានវិធានការតឹងរឹុងជាថ្មីទៀតជុំវិញការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩។

    លោក ឃួង ស្រេង មានប្រសាសន៍ថា៖ កន្លងមកនេះយើងមិនមានបទពិសោធន៍ទេទៅលើវិធាននៃការបង្ការទប់ស្កាត់នូវជំងឺ-១៩ ដោយសារជំងឺនេះជាជំងឺថ្មី ហើយយើងក៏ជាអ្នកអនុវត្តការងារនេះថ្មីដែរ ។ ប៉ុន្តែទោះបីយ៉ាងណាក្តី ដោយសារតែយើងសហការរួមគ្នាជាមួយនឹងកម្លាំងពាក់ព័ន្ធទាំងអស់បានល្អ យើងទទួលបានជោគជ័យមួយចំនួនធំ ។ តែការងារនេះយើងត្រូវតែបន្តការសហការគ្នាថែមទៀត ដើម្បីជំរុញឲ្យការបង្ការទប់ស្កាត់ជំងឺ covid -19 ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះទទួលបានជោគជ័យ ។ លោកអភិបាលរាជធានីបន្តថា៖ ចំពោះការងារចំពោះមុខ គឺការពង្រឹងវិធានការទប់ស្កាត់ឲ្យបានរឹងមាំបំផុត នោះគឺជនបរទេស ម្ចាស់ទីតាំងអាជីវកម្មនានា បើមិនសហការ និងមិនអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលទេ អ្នកទាំងនោះប្រឈមនឹងមានទោសទណ្ឌ នៅេពេលដែលច្បាប់ថ្មីនេះត្រូវបានព្រឹទ្ធសភាធ្វើការអនុម័តរួចរាល់។

   ក្នុងកិច្ចប្រជុំនោះដែរលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានលើកឡើងផងដែរថា៖ ចំពោះម្ចាស់អាជីវកម្មដ្ឋាននានា ដែលមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនឹងប្រឈមនឹងការបិទអាជីវកម្មរហូតតែម្តង ។ ចំពោះការអន្តរាគមន៍នានាពាក់ព័ន្ធនឹងការទប់ស្កាត់នូវជំងឺកូវីដ-១៩ គឺមិនអនុញ្ញាតឲ្យមានជាដាច់ខាត។ 

    លោកអភិបាលរងក៏បានបញ្ជាក់ផងដែរថា៖ តាមអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែន គឺសម្ដេចបានជំរុញឲ្យព្រឹទ្ធសភាអនុម័តច្បាប់ពាក់ព័ន្ធនឹងកូវីដ-១៩នេះឲ្យបានលឿន ដើម្បីយើងយកច្បាប់នេះមកអនុវត្តឱ្យមានប្រសិទ្ធភាពនិងមិនមានចន្លោះប្រហោង។ នៅពេលយើងមិនទាន់មានច្បាប់នេះយើងពិតជាពិបាកនឹងអនុវត្តការងារ តែបើសិនជាច្បាប់នេះត្រូវបានអនុម័តពីព្រឹទ្ធសភាហើយនោះ ក្រុមការងារដែលអនុវត្តលើការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ នឹងមានភាពងាយស្រួល ដោយយើងអនុវត្តទៅតាមច្បាប់ដែលបានអនុម័តរួច៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print