ភ្នំពេញ៖ បុរស២នាក់ក្នុងនោះមានមន្ត្រីយោធាម្នាក់ជាជនដៃដល់បាញ់សត្វលលកហើយបានភ្លាត់ស្នៀតបណ្តាលឲ្យត្រូវចំក្មេងប្រុសកំព្រាម្នាក់ស្លាប់នោះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌកំបូល បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ និងឈានទៅចោទប្រកាន់តាមផ្លូវច្បាប់នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ។
សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍បាញ់ចាប និងលលក ដែលបណ្តាលឱ្យត្រូវកុមារាកំព្រាស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចដីវាល ស្ថិតនៅក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្មេងប្រុសបាត់បង់ជីវិតមានឈ្មោះ សារឿន ប៊ុនថា មានអាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យបែកចាន ស្នាក់នៅក្នុងមណ្ឌលអង្គារ «សង្គ្រោះជនអស់សង្ឃឹម» ត្រូវគ្រាប់កាំភ្លើង១គ្រាប់ ចំក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗគួរឱ្យអាសូរណាស់។
ជនសង្ស័យទាំង២នាក់ទី១- ឈ្មោះ ទុត សុគន្ធារ៉ា អាយុ៤១ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទី២-ឈ្មោះ ទុត សុគន្ធរ៉ាវ័ន្ត អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិ៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបង្ហេីបថា នៅពេលដែលបញ្ជូនជនសង្ស័យទាំង២នាក់ទៅដល់តុលាការនៅព្រឹកថ្ងៃទី៩ ខែមីនានេះ គេសង្កេតឃើញមានអ្នករត់ការជាច្រើននាក់ អមដំណើរដោយរថយន្តស៊េរីទំនើបៗ មកជួយធ្វើអន្តរាគមន៍ក្នុងគោលបំណងឱ្យមានការដោះលែងជនសង្ស័យទាំង២នាក់នេះ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះកំពុងឈរលេងជាមួយក្មេងៗ ៣នាក់ទៀតនៅកន្លែងកើតហេតុ ខណៈនោះស្រាប់តែឮស្នូរកាំភ្លើង១គ្រាប់ផ្ទុះឡើងនៅជិតនោះបណ្ដាលឱ្យត្រូវក្មេងប្រុសរងគ្រោះចំក្បាលដួលស្លាប់ភ្លាមៗតែម្ដងទើបមានការជ្រួលច្របល់ ហើយពេលនោះក៏មានគ្រាប់កាំភ្លើងចំនួន៣គ្រាប់ផ្ទួនៗគ្នាទៀតហោះទៅធ្លាក់នៅកន្លែងកើតហេតុនោះទៀត ប៉ុន្តែពុំបានបណ្ដាលឱ្យត្រូវក្មេងប្រុសផ្សេង ទៀតដែលនៅជិតនោះឡើយ។
ក្រោយពេលកើតហេតុកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ព្រមទាំងប្រជាការពារខណ្ឌកំបូល បានចុះទៅធ្វើអន្តរាគមន៍ ហើយបានប្រទះឃើញជនសង្ស័យ២នាក់ជិះរថយន្តម៉ាក Ssangyong REXTON ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ 02-0282 គួរឱ្យសង្ស័យក៏បានឃាត់ត្រួតពិនិត្យ។
ខណៈនោះកម្លាំងចម្រុះបានរកឃើញកាំភ្លើងវែងស៊េរីទំនើប១ដើមនៅក្នុងរថយន្ត។ពេលសមត្ថកិច្ចសាកសួរទៅជនសង្ស័យនិយាយថា ខ្លួនបាញ់សត្វទៅខាងណោះសោះហេតុដូចម្ដេចទៅត្រូវក្មេងប្រុសរងគ្រោះទៅវិញ ហើយសមត្ថកិច្ចក៏បានរកឃើញសត្វលលក ១ក្បាលងាប់ដោយសារត្រូវគ្រាប់កាំភ្លើងផងដែរ៕