ភ្នំពេញ , នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ មានសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា។
១. ក្នុងនាមជាមិត្ត និងជាសមាជិកសហគមន៍អាស៊ាន កម្ពុជាក៏ដូចជាគ្រប់រដ្ឋសមាជិកអាស៊ាន និងសហគមន៍អាស៊ានទាំងមូលកំពុងតាមដានយ៉ាងជិតដិតនូវស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមានការសោកសៅដោយបានឃើញនូវការកើនឡើងនៃអំពើហឹង្សា ដែលបណ្តាលឱ្យមានការ បាត់បង់ជីវិតមនុស្ស។
២. ទន្ទឹមនឹងការគោរពគោលការណ៍ស្នូលនៃការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជា សមាជិកអាស៊ាន កម្ពុជាបានគាំទ្រ -សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការវិវត្តនៅ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា” ដែលបានចេញនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ និង “សេចក្តីថ្លែង ការណ៍របស់ប្រធានអាស៊ានស្តីពីកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន- ចេញនៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០២១ ដែលត្រូវបានធ្វើឡើងក្នុងបំណងដ៏ស្មោះត្រង់ ដើម្បីគាំទ្រដំណោះស្រាយដោយ សន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា។
៣. ដូចបានលើកឡើងក្នុងអន្តរាគមន៍របស់លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៅ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយរដ្ឋ សមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការដើរវិលទៅរកភាពប្រក្រតីឡើងវិញ ទោះជា តាមរយៈតួនាទី និងទម្រង់ណាមួយក្តី ដែលស្របតាមគោលការណ៍អាស៊ាន ពោល គឺតាមមាគ៌ាអាស៊ាន របស់យើង ដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។ ក្នុងស្មារតីនេះ កម្ពុជាក៏គាំទ្រផងដែរដល់ ការជួយសម្របសម្រួលរបស់ប្រធានអាស៊ាន ក៏ដូចជាអគ្គលេខាធិការអាស៊ាន ប្រកបដោយលក្ខណៈ វិជ្ជមាន សន្តិភាព និងស្ថាបនា៕
ដោយ, សុខ ខេមរា