ខេត្តកំពង់ចាម៖ តាមប្រភព ពីរដ្ឋបាលខេត្តកំពង់ចាមបានអោយដឹងថា៖ ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលយកពលករមកធ្វើចត្តាឡីស័ក នៅតាមបណ្ដាខេត្តរបស់ខ្លួនវិញលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ–១៩ បានចាត់ឲ្យ លោកកែវ នាឬទ្ធិ អភិបាលរងខេត្ត ដឹកនាំក្រុមការងារខេត្តកំពង់ចាមដើម្បីទៅទទួល និងដឹកជញ្ជូនបងប្អូនពលករ មកពីបណ្ដាខេត្តនៅតាមព្រំដែនកម្ពុជា–ថៃ ក្នុងនោះមាន៖ ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងខេត្តឧត្តរមានជ័យ ។
លោក កែវ នាឬទ្ធិ អភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងបេសកកម្មនាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារ ជាពិសេសក្រោមការជួយជ្រោមជ្រែង និងដឹកជញ្ជូន របស់បញ្ជាការដ្ឋានកងទ័ពជើងគោក កងយោធលខេមរភូមិន្ទ បានដឹកជញ្ជូនបងប្អូនពលករ មកពីបណ្ដាខេត្តជាប់ព្រំដែន មកកាន់ខេត្តកំពង់ចាម បានចំនួន ៦៩នាក់។ លោកមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរទាំង ៦៩នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនមក កាន់ប្រទេសកម្ពុជា តាមច្រកជាប់ទល់ដែនថៃ ។លោក លើកឡើងថា នាពេលថ្មីៗកន្លងទៅនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធជម្ងឺកូវីដ–១៩ បានដឹកនាំប្រជុំ ដាក់ចេញយន្តការ ដើម្បីទទួលពលករត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែន មកធ្វើចត្តាឡីស័ក ដែលរៀបចំឡើង ដោយរដ្ឋបាលខេត្តកំពង់ចាម ។
សូមបញ្ជាក់ថា៖ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំមណ្ឌលចត្តាឡីស័ក ចំនួន ០២កន្លែង គឺ ៖ នៅសណ្ឋាគារមេគង្គ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម និងកន្លែងសម្រាកព្យាបាល អ្នកផ្ទុកវីរុសកូវីដ ១៩ ចំនួន ១កន្លែង ស្ថិតនៅក្នុងមន្ទីរពេទ្យ ខេត្តកំពង់ចាម។ គិតត្រឹមថ្ងៃទី០៩ ខែមីនាឆ្នាំ២០២១នេះ មានបងប្អូនពលករ មកពីប្រទេសថៃ និងអ្នកពាក់ពន្ធ័ព្រឹត្តិការណ៍២០ កុម្ភៈ កំពុងធ្វើចត្តឡីសក័ ក្នុងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ចំនួន៩៨នាក់ និងនៅសណ្ឋាគារមេគង្គចំនួន ៨៥នាក់៕
ដោយ៖ សិលា