សម្តេចប្រធានរដ្ឋសភាជាតិ : សូមជនរួមជាតិចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា

ចែករំលែក៖

ភ្នំពេញ, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ក្នុងនាមជាតំណាងរាស្រ្ត និងជាប្រធានស្ថាប័ននីតិប្បញ្ញត្តិមួយ ខ្ញុំមានការព្រួយបារម្ភជាខ្លាំងចំពោះសុខុមាលភាពប្រជាពលរដ្ឋ ខណៈដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតក្នុងសហគមន៍នាពេលនេះ។

ខ្ញុំបានតាមដានពីការវិវឌ្ឍនៃស្ថានការណ៍ជំងឺនេះដោយយកចិត្តទុកដាក់បំផុត ហើយបានសង្កេតឃើញថា បើទោះបីចំនួនអ្នកវិជ្ជមានដែលរកឃើញស្ថិតនៅក្នុងអត្រាខ្ពស់ក៏ដោយ តែសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាល ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងសុខាភិបាល អាជ្ញាធរដែនដី ដែលបានដាក់ចេញវិធានការទាន់ពេលវេលា ក្នុងការគ្រប់គ្រងនិងដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាដោយមិនគិតថ្ងៃយប់នោះឡើយ។

សម្តេចបន្តថា, ខ្ញុំសូមជម្រាបថា រដ្ឋសភាទើបតែបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត កាលពីថ្ងៃទី៥មីនា កន្លងទៅនេះ ហើយសង្ឃឹមថា សេចក្តីព្រាងច្បាប់នេះត្រូវឆ្លងព្រឹទ្ធសភាក្នុងពេលឆាប់ៗនេះ ដើម្បីរាជរដ្ឋាភិបាលយកទៅអនុវត្តជាឯកសារគតិយុត្តនៅក្នុងការឆ្លើយតប ទប់ស្កាត់ការពារសុខុមាលភាពប្រជាពលរដ្ឋកាន់តែមានលក្ខណៈធំទូលំទូលាយ គ្រប់ជ្រុងជ្រោយថែមទៀត។

សេចក្តីព្រាងច្បាប់នេះ បានផ្តល់លទ្ធភាព បង្កើតបានជាមូលដ្ឋានមួយដ៏សំខាន់ ដើម្បីបង្កើនភាពជាម្ចាស់ការ ត្រៀមលក្ខណៈទុកជាមុន ក្នុងការប្រយុទ្ធទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នូវការឆ្លងរាលដាលនៃជំងឺផ្សេងផ្សេងៗទៀត មិនថាតែកូវីដ-១៩ នោះផងទេ។

ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសមេត្តាគោរពនិងប្រកាន់ឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់នូវរាល់វិធាន ដែលក្រសួងសុខាភិបាលបានដាក់ចេញ។ ការការពារនិងទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះ គឺត្រូវការជាចាំបាច់នូវការចូលរួមរបស់យើងគ្រប់ៗគ្នា។ ពេលនេះជាពេលដ៏សំខាន់ណាស់ ដែលយើងត្រូវការពារខ្លួនយើង គ្រួសារនិងសហគមន៍យើងកុំឱ្យឆ្លងកូវីដ-១៩៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print