អន្តរជាតិ៖ បេីយោងតាមក្រុមអ្នកស្រាវជ្រាវនៃសាលាអនាម័យនិងវេជ្ជសាស្ត្រត្រូពិកនៃទីក្រុងឡុងដ៏ បានបង្ហាញថា ក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកថែទាំសុខភាព ១ភាគ៥នៅទូទាំងពិភពលោក អំឡុងពេលប្រយុទ្ធនឹងកូវីដ១៩ កំពុងទទួលរងជំងឺស្រ្តេស (PTSD) និងធ្លាក់ទឹកចិត្ត។
ជាក់ស្ដែងក្រុមអ្នកស្រាវជ្រាវ បានវិភាគទិន្នន័យលើសុខភាពផ្លូវចិត្តរបស់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកានិងបុគ្គលិកថែទាំសុខភាពជាង ១០០.០០០ នាក់ដែលរស់នៅក្នុងប្រទេសចំនួន ១២ ។ ២១% បានវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្តនិងជំងឺស្ត្រេស ក្នុងកំឡុងពេលមានជំងឺរាតត្បាត ហើយ ២២ % មានការថប់បារម្ភខ្លាំង។
ដោយឡែកការសិក្សាដាច់មួយផ្សេងទៀត ដែលត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍្តទី១១ ខែមីនានេះ បាននិយាយថា ស្ទើរតែ ២ភាគ៣ នៃវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកានិងអ្នកធ្វើការតាមផ្ទះនៅចក្រភពអង់គ្លេសបានធ្លាក់ទឹកចិត្ត បន្ទាប់ពីជួបរលកដំបូងនៃជំងឺកូវីដ។
ទាក់ទិននឹងបញ្ហានេះដែរ អង្គការសប្បុរសធម៌ ក៏បាននិយាយដែរថា តួលេខនេះបានឆ្លុះបញ្ចាំងពីរូបភាពនៃផលប៉ះពាល់នៃការរាតត្បាតទៅលើបុគ្គលិកថែទាំ ហើយបានជំរុញឲ្យរដ្ឋមន្ត្រីផ្ដល់ការគាំទ្របន្ថែមដល់ពួកគេជាចាំបាច់។ រីឯការវិភាគជាសកលដែលបានបោះពុម្ពផ្សាយនៅក្នុង PLOS ONE បានបញ្ជាក់ថា មជ្ឈិមបូព៌ាមានអត្រានៃជំងឺធ្លាក់ទឹកចិត្តខ្ពស់បំផុតក្នុងចំណោមបុគ្គលិកថែទាំសុខភាព ៣៤,៦ % បន្ទាប់មកគឺអាស៊ីខាងត្បូង ២៨,៨ % អឺរ៉ុប ២២ %និងអាស៊ីខាងកើត ១៩,១ % ។
ចំណែកកម្រិតទាបបំផុតនៃជំងឺធ្លាក់ទឹកចិត្តក្នុងចំណោមគ្រូពេទ្យ ត្រូវបានគេរាយការណ៍នៅអាមេរិកខាងជើង ដោយផ្អែកលើការសិក្សាមួយ មានអត្រា ១៨,៧ ភាគរយ។
បេីតាមលោកស្រី Catherine Seymour ប្រធានស្រាវជ្រាវនៅមូលនិធិសុខភាពផ្លូវចិត្ត ដេីម្បីឆ្លើយតបទៅនឹងរបាយការណ៍នេះបានមានប្រសាសន៍ថា៖ បុគ្គលិកថែទាំសុខភាពមានការថប់បារម្ភខ្លាំង ទាំងជំងឺធ្លាក់ទឹកចិត្ត បញ្ហានៃការគេងនិងជំងឺស្ត្រេស រួមទាំងកង្វះសម្ភារប្រើប្រាស់ក្នុងវេជ្ជសាស្ត្រ ពេលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត”៕ដោយ៖ស តារា
រូបភាព៖ឯកសារ