ខេត្តព្រះវិហារ , មន្រ្តីនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ សហការជាមួយក្រុមការងារជំនាញ និងសហគមន៍ថតបានដោយ Camera Trap នៅពេលហ្វូងសត្វរមាំងចេញរកចំណីតាមព្រៃ ដែលមានស្មៅខៀវខ្ខី ក្បែរបឹងបួរនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ភូមិសាស្រ្តខេត្តព្រះវិហារ។
សូមបញ្ជាក់ថា រមាំង ជាសត្វចតុប្បាទព្រៃ ចូលចិត្តយរស់នៅជាក្រុមតូចធំ ចន្លោះពី៤ ទៅ២០ក្បាល នៅតាមព្រៃរបោះ ដែលមានវាលស្មៅ ត្រពាំង បឹងបួ វាលស្រែ និងនៅតាមមាត់ព្រៃទីវាទំនាបមាត់ព្រៃ ដែលសត្វនេះងាយរកចំណី ដូចជាស្មៅ ស្បូវ ព្រេច ស្លឹកត្រួយរុក្ខជាតិតូចធំ ផ្លែឈើ និងស្រូវជាដើម។ យោងតាមសៀវភៅសម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា សត្វរមាំងឈ្មោលមានដុះស្នែង និងមានស្នែងច្រើន។ ក្នុងចន្លោះខែមីនា និងឧសភា ជារដូវនៃការបន្តពូជរបស់សត្វរមាំង ហើយការបន្តពូជមានរយៈពេលពី៦ ទៅ៨ខែ និងបង្កើតកូនម្តងបានតែ១ក្បាល។
សត្វសមាំងមានវត្តមានច្រើនក្នុងប្រទេសកម្ពុជា គឺស្ថិតនៅក្នុងក្រុមប្រភេទសត្វជិតផុតពូជនិងមានចុះក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស។ សត្វរមាំងក៏ស្ថិតក្នុងបញ្ជីក្រហមIUCN ជាប្រភេទងាយរងគ្រោះថ្នាក់នៅលើពិភពលោក៕
ដោយ, សិលា