អន្តរជាតិ៖ ក្រោយជំនួបលើកដំបូងរវាងមេដឹកនាំក្រុមប្រទេសកិច្ចសន្ទនាសន្តិសុខចតុភាគី (Quad) នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ទីបំផុតមេដឹកនាំអាមេរិក ជប៉ុន អូស្ត្រាលី ឥណ្ឌា បានប្រកាសពីគម្រោងរួមគ្នា ដើម្បីផ្ដល់វ៉ាក់សាំងកូវីដ-១៩ ចំនួន១ពាន់លានដូសឲ្យទៅតំបន់អាស៊ី ជាមួយគោលដៅប្រជែងចិន ដែលផ្គត់ផ្គង់វ៉ាក់សាំងរាប់លានដូសឲ្យប្រទេសក្នុងតំបន់ជាច្រើនមកហើយ។ ជាក់ស្ដែងប្រទេសទាំង៤នេះ អាស៊ីអាគ្នេយ៍ ជាគោលដៅដំបូងនៃគម្រោងរបស់ប្រទេសពួកគេ។ មិនតែប៉ុណ្ណោះប្រទេសទាំងបួន ក៏បានចែកការទទួលខុសត្រូវ ដើម្បីបំពេញគោលដៅនេះ គឺសំដៅធានាឲ្យបានតំបន់អាស៊ីដែលសេរី និងបើកចំហ។
ជំនួបលើកដំបូងរវាងមេដឹកនាំខាងលេីនេះ តាមអនឡាញនៅថ្ងៃទី១២ ខែមីនា មានវត្តមានចូលរួមដោយប្រធានាធិបតីអាមេរិក ចូ បៃឌិន; នាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ; នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី; និងនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន។ សន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិក បញ្ហាបម្រែបម្រួលអាកាសធាតុ ការទប់ទល់ឥទ្ធិពលចិន និងការដោះស្រាយវិបត្តិកូវីដ-១៩ សុទ្ធសឹងជារបៀបវារៈសំខាន់ៗ។
បេីតាមលោកចូ បៃឌិន ដែលចង់ឃើញប្រទេស Quad ផ្ដល់ដំណោះស្រាយ និងលទ្ធផលជាក់ស្ដែងនោះ លើការទប់ទល់ជំងឺកូវីដ-១៩ ក៏បាននិយាយថា ប្រទេសទាំង៤ ចាប់ផ្ដើមភាពជាដៃគូដែលមានមហិច្ឆតាមួយក្នុងការបង្កើនការផលិតកម្មវ៉ាក់សាំងសម្រាប់ជាប្រយោជន៍សាកល និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល។ ចំពោះការលើកឡើងបែបនេះរបស់លោក បៃឌិន មេដឹកនាំទាំង៤ ក៏ឯកភាពគ្នាលើការជំរុញការផ្គត់ផ្គង់វ៉ាក់សាំងនៅអាស៊ី ដោយសន្យាផ្ដល់វ៉ាក់សាំងចំនួន១ពាន់លានដូស។
សូមជម្រាបថា ក្រោមគម្រោងនេះ វ៉ាក់សាំងមួយពាន់លានដូស នឹងត្រូវផលិតនៅត្រឹមឆ្នាំ២០២២ ដោយវ៉ាក់សាំងដែលត្រូវប្រើជាផលិតផលរបស់ក្រុមហ៊ុន Johnson & Johnson ដែលមានមូលដ្ឋាននៅអាមេរិក។ ឥណ្ឌាទទួលខុសត្រូវផលិត ជប៉ុនជាអ្នកផ្ដល់លុយ ហើយអូស្ត្រាលីទទួលបន្ទុកដឹកជញ្ជូន។ អាស៊ីអាគ្នេយ៍ ដែលជាតំបន់យុទ្ធសាស្រ្តដ៏សំខាន់មួយ នឹងទទួលបានវ៉ាក់សាំងក្រោមគំនិតផ្ដួចផ្ដើមនេះមុនគេ ហើយបន្តទៅកាន់ផ្នែកផ្សេងទៀតរបស់អាស៊ី។
ដោយឡែកជុំវិញបញ្ហានេះដែរ នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន ចាត់ទុកជំនួបលើកដំបូងនេះ ជាថ្ងៃរះនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយរំពឹងថា ប្រទេសទាំងបួនដែលប្រកាន់ជំហរប្រជាធិបតេយ្យសេរីដូចគ្នា នឹងជួយជំរុញសន្តិសុខ សន្តិភាព និងស្ថិរភាពតំបន់។ ចំណែលោក ម៉ូឌី វិញនិយាយថា Quad នឹងនៅតែជាកម្លាំងរក្សាស្ថិរភាពតំបន់
គួរបញ្ជាក់ថា គម្រោងរបស់ប្រទេស Quad ត្រូវមើលឃើញថា ជាការរួមគ្នាដើម្បីទប់ទល់ចិន។ ជាក់ស្តែងបេីនិយាយរឿងវ៉ាក់សាំងនេះ ចិនបានផ្ដល់វ៉ាក់សាំងរាប់លានដូសទាំងក្រោមលក្ខខណ្ឌជំនួយ និងពាណិជ្ជកម្ម។ មិនត្រឹមអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ចិនបានផ្ដល់វ៉ាក់សាំងជាច្រើនដល់ប្រទេសនានាលើពិភពលោក ដែលមិនគ្មានលទ្ធភាពប្រើវ៉ាក់សាំងថ្លៃ និងពិបាកទុកដាក់ដូចជា៖ Pfizer ជាដើម៕ដោយ៖ស តារា
រូបភាព៖មេដឹកនាំអាមេរិក ឥណ្ឌា អូស្រ្តាលី និងជប៉ុន ប្រជុំតាមអនឡាញក្រុមប្រទេសកិច្ចសន្ទនាសន្តិសុខចតុភាគី (Quad)នៅថ្ងៃទី១២ ខែមីនា
រូបថត៖ AFP