ភ្នំពេញ, ភាពស្មោះត្រង់ គឺជាលក្ខណៈសម្បត្តិផ្ទាល់ខ្លួន១ ក្នុងចំណោម៧ ដែលចាត់ថាប្រធានបទអាទិភាព១ សម្រាប់ជីវិត និងចំណែក១នៃភាពជោគជ័យរបស់មនុស្ស ក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគត។
សូមដឹងថា មនុស្ស សម្លឹងមើលទៅមនុស្សមុនបង្អស់ គឺស្វែងរកមើលតាមរយៈកាយវិការ ភ្នែក ការនិយាយស្តី ទង្វើរបស់បុគ្គលនោះ ដើម្បីឆ្លុះបញ្ចាំងថា តើបុគ្គលនោះមានលក្ខណៈសម្បត្តិផ្ទាល់ខ្លួន១ នេះដែរឬអត់?
ភាពស្មោះត្រង់ មានតម្លៃខ្ពស់បំផុត វាគឺរបស់មានតម្លៃ និងដែលមនុស្សម្នាគោរពខ្ពស់បំផុត។ កេរ្ដិ៍ឈ្មោះរបស់មនុស្ស មុនគេគឺទទួលបានមកដោយសារភាពស្មោះត្រង់ (សេចក្ដីសុចរិត និងទៀងត្រង់)។
កេរ្ដិ៍ឈ្មោះ១ នេះ គឺជាកេរ្តិ៍ឈ្មោះមានតម្លៃខ្ពង់ខ្ពស់បំផុត គ្មានអ្វីប្រៀបប្រដូចបានឡើយ។
ជោគជ័យក្នុងជីវិត ការងារ និងអាជីព ជាពិសេស ក្នុងការងារគ្រប់គ្រងដឹកនាំ មានទំនាក់ទំនងយ៉ាងជិតស្នីទជាមួយភាពស្មោះត្រង់។ ភាពស្មោះត្រង់ នាំមកនូវការជឿទុកចិត្ដ ការសុខចិត្ដបម្រើ ការសហការ និងការគាំទ្រពីអ្នកនៅជុំវិញ។
លក្ខណៈសម្បត្តិពិសេសផ្ទាល់ខ្លួន១ របស់មនុស្ស (ទោះគាត់ជានរណាក៏ដោយ) ត្រូវបានទទួលស្គាល់ថាជាទ្រព្យដ៏សំខាន់ចំពោះជីវិត និងការងាររបស់គាត់ និងមានទំនាក់ទំនងជាសំខាន់ជាមួយនឹងទំហំនៃភាពស្មោះត្រង់ ក្នុងការប្រព្រឹត្ដទាំងឡាយរបស់គាត់។
មនុស្ស ត្រូវពង្រឹង និងរៀបចំខ្លួនជាមនុស្សស្មោះត្រង់ ដោយត្រូវមានភាពស្មោះត្រង់ចំពោះខ្លួនឯង និងចំពោះអ្វីៗទាំងអស់ រួមទាំង ស្មោះត្រង់នឹងអ្នកនៅជុំវិញខ្លួន និងអ្នកដទៃផង។
សូមជៀសវាង កុំធ្វើ ឬនិយាយភាសាល្អស្តាប់ ឬស្មោះត្រង់ត្រឹមសម្បកក្រៅឱ្យសោះ។
ការធ្វើអ្វីៗត្រូវមានភាពស្មោះត្រង់ និងមិនត្រូវបញ្ឈប់ការតាំងចិត្ដធ្វើអ្វីៗដោយភាពស្មោះត្រង់ (សេចក្ដីសុចរិត និងទៀងត្រង់) នោះទេ។ សូមចាំថាពាក្យសម្តី គឺជាសំបុត្រសន្យា និងជាកិត្ដិយសរបស់លោក-អ្នក។
សូមចាំថា បើបាត់ភាពស្មោះត្រង់ មនុស្សនឹងបាត់បង់គ្រប់យ៉ាង ឧទាហរណ៍៖
• បាត់ភាពស្មោះត្រង់រវាងគ្នា ចំណងមិត្តភាពនឹងរលាយជាមិនខាន
• បាត់ភាពស្មោះត្រង់រវាងសមាជិក ជំហរសាមគ្គីនឹងបែកបាក់ ហើយបរាជ័យ
• បាត់ភាពស្មោះត្រង់ឱ្យគ្នាទៅវិញទៅមក ស្នេហានឹងជួបអន្តរាយ
• បាត់ភាពស្មោះត្រង់រវាងគ្នា របររួមទុននឹងជួបវិនាសអន្តរាយ។
តើមនុស្ស ត្រូវធ្វើដូចម្តេចទើបទស្សនៈស្តីពីភាពស្មោះត្រង់បានជ្រាបចូលក្នុងចិត្ត និងសណ្ឋិតក្នុងគំនិត ហើយអនុវត្តបានជារឿយ និងជាប់ជាប្រចាំក្នុងជីវភាពប្រចាំថ្ងៃ និងក្នុងទំនាក់ទំនងជាមួយអ្នកជុំវិញ និងអ្នកដទៃ?
ចម្លើយដ៏ខ្លី គឺលោក-អ្នក អាចចាប់ផ្តើមចេញដំណើរពីការសួរខ្លួនឯងថា #បើមនុស្សគ្រប់រូបសុទ្ធតែដូចខ្ញុំតើពិភពលោកនេះហ្នឹងទៅជាយ៉ាងណា? សំណួរនេះបង្ខំឱ្យលោក-អ្នកកំណត់នូវគំរូដ៏ល្អឥតខ្ចោះ១ សម្រាប់ខ្លួនឯង គឺភាពស្មោះត្រង់។
បញ្ជាក់៖ លក្ខណៈសម្បត្តិផ្ទាល់ខ្លួនទាំង៧ នោះ មាន ១, ភាពស្មោះត្រង់ ២, ភាពទៀងទាត់ ៣, ភាពមានរបៀប ៤, ភាពមានអំណត់អត់ធ្មត់ ៥, ភាពប៉ិនប្រសប់ ៦, ភាពរួសរាយរាក់ទាក់ និង ៧, ភាពមិនរុញរា។
លក្ខណៈសម្បត្តិផ្ទាល់ខ្លួនចំនួន៧នេះ មានអត្ថាធិប្បាយលម្អិតក្នុងសៀវភៅទី១៣ #សិល្បៈទំនាក់ទំនងនិងបដិសណ្ឋារកិច្ច បោះពុម្ពផ្សាយលើកទី៣ ឆ្នាំ២០១៧ ដែលជាសៀវភៅទីVI ក្នុងស៊េរីសៀវភៅ #ភាពជាអ្នកដឹកនាំនិងការអភិវឌ្ឍស្ថាប័ន/អង្គភាព ទាំង១៥មុខ៕
ដោយ, បណ្ឌិត សួន រ៉ានី