ភ្នំពេញ, កាលពីពេលថ្មីៗនេះ លោកស្រីចៅក្រម Lucy Koh នៅក្រុង San Jose នៃរដ្ឋ California បានបដិសេធការស្នើសុំរបស់ក្រុមហ៊ុន Google ឱ្យច្រានចោលពាក្យបណ្ដឹង ហើយលោកស្រីបានសម្រេចឱ្យក្រុមមេធាវីតំណាងឱ្យអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកអាចបន្តប្ដឹងក្រុមហ៊ុន Google ទាក់ទងទៅនឹងការតាមដានអ្នកប្រើប្រាស់ទោះបីជាពួកគេកំពុងប្រើកម្មវិធី Chrome ជាមួយនឹងមុខងារ Incognito ក៏ដោយ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។
ទាក់ទងនឹងពាក្យបណ្ដឹងនេះក្រុមអ្នកប្រើប្រាស់បានចោទប្រកាន់ក្រុមហ៊ុន Google ថាបានបន្តតាមដាននិងប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់នៅពេលដែលពួកគេប្រើមុខងារ Incognito ដោយពុំមានការអនុញ្ញាត។ ពួកគេបានអះអាងថា នៅពេលដែលពួកគេប្រើមុខងារនេះ គេគិតថាទិន្នន័យទាំងអស់គឺមិនត្រូវបានតាមដានពីក្រុមហ៊ុន Google នោះទេប៉ុន្តែក្រុមហ៊ុននៅតែតាមដាននិងទាញយកទិន្នន័យគ្រប់យ៉ាងពីអ្នកប្រើប្រាស់ដដែល។
គួររំឭកផងដែរថា កាលពីចុងខែកុម្ភៈកន្លងទៅ នាយកដ្ឋានបានធ្វើការផ្សព្វផ្សាយទាក់ទងនឹងការប្រើមុខងារ Incognito Tab ឬ Private Tab ប្រសិនបើលោកអ្នកមិនចង់ឱ្យមានការរក្សាទុក ទិន្នន័យរបស់វេបសាយដែលលោកអ្នកបានចូលទៅមើលនៅក្នុងកុំព្យូទ័រ ឬទូរសព្ទ។ ទន្ទឹមនឹងគ្នានោះ នាយកដ្ឋានក៏បានឱ្យលោកអ្នកមានការប្រុងប្រយ័ត្នជាមួយនឹងមុខងារ Incognito Tab ព្រោះវាគ្រាន់តែមិនបានរក្សាទុកទិន្នន័យនៅក្នុងទូរសព្ទតែប៉ុណ្ណោះ ហើយនេះមិនមានន័យថាគ្មាននរណាម្នាក់អាចដឹងពីការចូលទៅប្រើប្រាស់វេបសាយរបស់លោកអ្នកនោះទេ ព្រោះអ្នកគ្រប់គ្រងប្រព័ន្ធ network និងក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធឺណិតអាចដឹងពីការចូលទៅក្នុងវេបសាយទាំងអស់នោះបាន៕
ដោយ, សិលា