ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជូនស្ត្រីម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីចាត់ការតាមច្បាប់ ក្រោយរូបគាត់បង្ហោះសារមិនពិតតាមបណ្ដាញសង្គមហ្វេសប៊ុក( Facebook ) ពាក់ព័ន្ធការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដែលមានចេតនាញុះញង់ បំផុសបំផុលប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ស្ដ្រីរូបនេះមានឈ្មោះ ថត គឹមសាន និងបានប្រើប្រាស់គណនី Facebook ឈ្មោះ «គឹមសាន អូក្រា» ហើយបានបង្ហោះខ្លឹមសារដែលមានលក្ខណៈញុះញង់ បង្កចលាចលថា «អ្នកទទួលវ៉ាក់សាំងការពារកូវីដ-១៩ របស់ចិន គឺធ្វើឲ្យមានអ្នកស្លាប់ច្រើន ដោយមានអាការៈ ពិការដៃ ពិការជើង ក្តៅ និងស្លាប់»។
គួររម្លឹកថា ស្ដ្រីឈ្មោះ ថត គឹមសាន ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ និងអធិការនគរបាលខណ្ឌទួលគោក សហការជាមួយនាយកដ្ឋានស៊ើបការណ៍ក្រៅបច្ចេកទេស ចាប់ខ្លួនកាលនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ រួចបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕ដោយ៖សហការី